(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា ចាប់ពីពេលនេះតទៅ រដ្ឋឈប់ប្រគល់ដីសម្បទាន ទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ និងអតីតយុទ្ធជន និងនិវត្តជន។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនណាទៀតទេ ហើយយើងនឹងបន្ដមិនផ្ដល់ដីធ្លី សម្រាប់ក្រុមហ៊ុនបន្ដទៀតទេ»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដីធ្លីដែលរដ្ឋបានដកហូតមកវិញ សម្ដេចបានណែនាំជាបន្ដបន្ទាប់ ឲ្យរក្សាទុកដីធ្លីនោះ គឺជាដីធ្លីសម្រាប់ផ្ដល់សម្បទានសង្គមកិច្ចជូនអ្នកខ្វះដី ដែលក្នុងនោះ គឺមួយភាគ ក៏ត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្ដគ្រប់គ្រងដីធ្លីឲ្យបានម៉ត់ចត់ ដើម្បីផ្ដល់ជូនដល់អតីតយុទ្ធជន សម្រាប់អ្នកដែលខ្វះដីពិតប្រាកដ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្ដពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្ដល់ដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ, អតីតយុទ្ធជន និងនិវត្តន៍ជន ដែលក្រីក្រពិតប្រាកដផងដែរ៕