ដោយៈ គង់ សូរិយា
កណ្តាលៈ រដ្ឋាភិបាលមានផែនការ ស្ពានឆ្លងកាត់ទន្លេបាសាក់ កំពុងត្រូវបានសិក្សា ដើម្បីសាងសង់តភ្ជាប់សង្កាត់ចំនួនពីរ ក្នុងក្រុងសំពៅពូនជាប់ព្រំដែនវៀតណាម។
លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូនបានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះ ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។លោកបន្តថា សង្កាត់សំពៅពូន និងសង្កាត់ជ្រៃធំ ខណ្ឌចែកដោយទន្លេ ហើយការធ្វើដំណើរកន្លងទៅត្រូវប្រើទូកដចម្លង ឬត្រូវធ្វើដំណើរវាងតាមស្ពានកោះធំដែលមានចម្ងាយឆ្ងាយ។
ខណៈគម្រោងសាងសង់ស្ពាននេះ ស្ថិតនៅក្នុងដំណាក់កាលសិក្សា លោករំពឹងថា បើសិនស្ពាននេះត្រូវបានកសាងឡើងនឹងជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូន រួមទាំងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ខណៈតំបន់នេះក៏ជាច្រកព្រំដែនដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម។
ពាក់ព័ន្ធការសិក្សាគម្រោងសាងសង់ ស្ពានឆ្លងទន្លេនៅក្រុងសំពៅពូន ដែលជាក្រុងថ្មីទើបបំបែកចេញ ពីស្រុកកោះធំខេត្តកណ្តាល លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ចក្ខុវិស័យរបស់រដ្ឋាភិបាល ត្រូវសាងសង់ស្ពានជាច្រើនកន្លែងតាមដងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប។ ប៉ុន្តែការសាងសង់គម្រោងណាមួយ ក៏ត្រូវផ្អែកលើភាពជាក់ស្តែង នៃតម្រូវការចាំបាច់តាមអាទិភាពនៃគម្រោងនីមួយៗ។
ក្រុងសំពៅពូនត្រូវបានបំបែកចេញ ពីស្រុកកោះធំខេត្តកណ្តាល តាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២។
ភូមិសាស្ត្រក្រុងសំពៅពូន មានព្រំប្រទល់ខាងជើងជាប់ស្រុកកោះធំ ខាងកើតជាប់ស្រុកលើកដែក ខាងលិចជាប់ស្រុកអង្គរបុរី ដែលមានស្ទឹងអង្គរបុរីខណ្ឌជា២ និងខាងត្បូង ជាប់ខេត្តអានយ៉ានប្រទេសវៀតណាម។
តាមព្រះរាជក្រឹត្យចុះថ្ងៃ ១២ មិថុនា ឆ្នាំ ២០២៥ ក៏បានកែសម្រួល ព្រំប្រទល់រដ្ឋបាលខេត្តតាកែវ និងកណ្តាល ដោយកាត់ផ្ទៃដីទំហំ២៤៧៥ ហិកតា ពីស្រុកអង្គរបុរី ខេត្តតាកែវ ចូលមកភូមិសាស្រ្តក្រុងសំពៅពូនខេត្តកណ្តាល ដែលធ្វើឲ្យក្រុងសំពៅពូន រីកផ្ទៃដីដល់ទំហំសរុប២៩,៧៧៥ ហិកតា ដែលមានសង្កាត់ចំនួន៥ និងភូមិសរុបចំនួន៥៣ភូមិ។
ក្រុងសំពៅពូនបច្ចុប្បន្ន មានពលរដ្ឋរស់នៅសរុបប្រមាណ៨៣ ុ,៥៨៦នាក់ ជាមួយដង់ស៊ីតេពលរដ្ឋជាមធ្យម២៩៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ វិស័យសំខាន់ៗ សម្រាប់ទ្រងទ្រង់សេដ្ឋកិច្ចរបស់ក្រុងមានកសិកម្ម សិប្បកម្ម និងសេវាកម្ម៕