រដ្ឋាភិបាលកំពុងសិក្សាសាងសង់ស្ពានថ្មីមួយទៀតដើម្បីតភ្ជាប់ សង្កាត់ចំនួន២នៅក្រុងសំពៅពូន

0
រដ្ឋាភិបាលកំពុងសិក្សាសាងសង់ស្ពានថ្មីមួយទៀតដើម្បីតភ្ជាប់ សង្កាត់ចំនួន២នៅក្រុងសំពៅពូន
រដ្ឋាភិបាលកំពុងសិក្សាសាងសង់ស្ពានថ្មីមួយទៀតដើម្បីតភ្ជាប់ សង្កាត់ចំនួន២នៅក្រុងសំពៅពូន

ដោយៈ គង់ សូរិយា

    កណ្តាលៈ រដ្ឋាភិបាលមានផែនការ ស្ពាន​​ឆ្លងកាត់​ទន្លេ​បាសាក់​ កំពុង​ត្រូវបានសិក្សា​ ដើម្បីសាងសង់​តភ្ជាប់សង្កាត់​ចំនួន​ពីរ ​ក្នុង​ក្រុង​សំពៅពូន​ជាប់ព្រំដែន​វៀតណាម។

លោក អេង សុវិចិត្ត អភិបាល​ក្រុង​សំពៅពូន​បាន​គូស​បញ្ជាក់ថា ​គម្រោង​សាងសង់​ស្ពាន​នេះ ​ស្ថិត​នៅក្នុង​ដំណាក់កាលសិក្សា​នៅឡើយ។លោកបន្តថា សង្កាត់​សំពៅពូន​ និង​សង្កាត់ជ្រៃធំ​ ខណ្ឌចែកដោយ​ទន្លេ ហើយ​ការ​ធ្វើ​ដំណើរ​​​​កន្លងទៅ​ត្រូវ​ប្រើទូក​ដ​ចម្លង ឬ​ត្រូវ​ធ្វើដំណើរវាង​តាម​ស្ពាន​កោះធំ​ដែល​មានចម្ងាយ​ឆ្ងាយ។

ខណៈ​គម្រោង​សាងសង់ស្ពាន​នេះ ​ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា​ លោក​រំពឹង​ថា បើ​សិន​ស្ពាននេះ​​ត្រូវ​បាន​កសាង​ឡើង​​នឹង​ជួយ​សម្រួលដល់​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹកជញ្ជូន រួម​ទាំង​​​ផ្តល់ប្រយោជន៍​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សម្រាប់​ពលរដ្ឋក្នុងមូលដ្ឋាន​ ខណៈ​តំបន់នេះ​ក៏ជា​​ច្រក​ព្រំដែនដ៏សំខាន់ សម្រាប់​ការ​​ធ្វើ​ពាណិជ្ជកម្ម​​ រវាង​​​ប្រទេស​កម្ពុជា​​និង​ប្រទេស​វៀតណាម។

ពាក់ព័ន្ធ​ការ​សិក្សា​គម្រោង​សាងសង់ ​ស្ពាន​​ឆ្លង​ទន្លេនៅ​ក្រុង​សំពៅ​ពូន​ ដែល​ជា​ក្រុង​ថ្មី​ទើប​បំបែក​ចេញ ពី​ស្រុក​កោះធំ​ខេត្តកណ្តាល លោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ​ត្រូវ​សាងសង់​ស្ពាន​ជា​ច្រើន​កន្លែង​តាម​ដង​ទន្លេ​បាសាក់ ទន្លេ​មេគង្គ និង​ទន្លេ​សាប។ ប៉ុន្តែ​ការ​សាងសង់​គម្រោង​ណាមួយ​ ក៏​ត្រូវ​ផ្អែក​លើ​ភាព​ជាក់ស្តែង ​នៃ​តម្រូវការ​ចាំបាច់តាម​អាទិភាព​នៃ​គម្រោង​នីមួយៗ។

ក្រុងសំពៅពូនត្រូវបាន​​បំបែក​ចេញ ​ពី​ស្រុកកោះធំខេត្តកណ្តាល តាមអនុក្រឹត្យរបស់រដ្ឋាភិបាល​ចុះនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២។

ភូមិសាស្ត្រ​ក្រុងសំពៅពូន មាន​ព្រំប្រទល់​ខាងជើងជាប់ស្រុកកោះធំ ខាងកើត​ជាប់ស្រុក​លើកដែក ខាង​លិច​ជាប់​ស្រុកអង្គរបុរី ដែល​មាន​ស្ទឹងអង្គរបុរីខណ្ឌ​ជា២ និង​ខាងត្បូង​ ជាប់​ខេត្ត​អានយ៉ាន​ប្រទេស​វៀតណាម។

តាម​ព្រះរាជក្រឹត្យចុះថ្ងៃ ១២ មិថុនា ឆ្នាំ ២០២៥ ក៏​បានកែសម្រួល ព្រំប្រទល់រដ្ឋបាល​ខេត្តតាកែវ ​និង​កណ្តាល ដោយកាត់ផ្ទៃដីទំហំ២៤៧៥ ហិកតា ពីស្រុកអង្គរបុរី ខេត្តតាកែវ ​ចូល​មក​ភូមិសាស្រ្ត​ក្រុង​សំពៅពូនខេត្តកណ្តាល ដែលធ្វើឲ្យក្រុងសំពៅពូន រីកផ្ទៃដីដល់ទំហំសរុប២៩,៧៧៥ ហិកតា ដែល​មាន​សង្កាត់​ចំនួន៥ និង​ភូមិ​សរុប​ចំនួន៥៣ភូមិ។

ក្រុង​សំពៅពូន​បច្ចុប្បន្ន​ មានពលរដ្ឋរស់នៅ​សរុប​ប្រមាណ៨៣ ុ,៥៨៦នាក់ ជាមួយ​​ដង់ស៊ីតេ​ពលរដ្ឋ​ជាមធ្យម២៩៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ វិស័យសំខាន់ៗ សម្រាប់ទ្រងទ្រង់សេដ្ឋកិច្ចរបស់ក្រុងមានកសិកម្ម សិប្បកម្ម និង​សេវាកម្ម​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here