រដ្ឋាភិបាលចុះបញ្ជីក្រុមហ៊ុនសហគ្រាសជាង៥ម៉ឺនជាមួយទុនវិនិយោគជាង២០ពាន់លានដុល្លារក្នុងរយៈពេលជាង៥ឆ្នាំ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ របាយការណ៍របស់ក្រសួងពាក់ព័ន្ឋបានបង្ហាញថា គិតចាប់ពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ ​២០២៥ ​ក្រុមហ៊ុន/សហគ្រាស​​ ដែល​ទទួល​​ជោគជ័យ​លើ​ការ​​ចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន មាន​ចំនួនសរុប​៥០,៥៦៤ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប​​​៨៣,០៩ ពាន់ពាន់​លាន​រៀល ឬស្មើនឹង​ ២០,២៧ ពាន់លាន​ដុល្លារ​។

របាយការណ៍ដដែលបានបន្តថា ក្នុង​ចំណោមក្រុមហ៊ុន/សហគ្រាសទាំង៥០,៥៦៤ គឺមាន​១៨,៥២៨ ឬ​ស្មើ​នឹង៣៧% ដែល​មាន​ម្ចាស់​ជា​ស្រ្តី។

កាល​ពីថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ​២០២៥ ចំនួន​ក្រុមហ៊ុន/សហគ្រាស​​ ដែល​បាន​ចុះបញ្ជីអាជីវកម្ម តាមថ្នាល់​បច្ចេកវិទ្យាព័ត៌មាន មាន​ចំនួន​សរុប​៤២,៣២៥ ជាមួយ​នឹង​ដើមទុនចុះបញ្ជី​សរុប ​ចំនួន​​៦៤ពាន់ពាន់​លាន​រៀល ឬស្មើនឹង​១៥,៦ពាន់លាន​ដុល្លារ​។

ដោយឡែកក្នុង​​​ខែកញ្ញា ឆ្នាំ​២០២៥នេះ ក្រុមហ៊ុន/សហគ្រាស​ ដែល​ទទួល​បាន​ជោគជ័យ​ លើ​ការ​​ចុះបញ្ជីអាជីវកម្ម​មាន​ចំនួន១,០១២ ស្មើនឹង​ទុន​ចុះបញ្ជី១,៧៨ ពាន់ពាន់លានរៀល(៤៣៤លាន​ដុល្លារ)៕

ប្រធាន​សមាគម​បច្ចេក​វិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេន បានប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់​អាជីវកម្ម​, ការ​សម្រួល​នីតិវិធី​ចុះ​បញ្ជី​ដែល​មាន​ភាព​ងាយ​ស្រួល, និង​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ម្ចាស់​អាជីវកម្ម គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ច្រើន​នាំ​គ្នា​ទៅ​ចុះ​បញ្ជី។ នៅ​ពេល​គ្រប់​អាជីវកម្ម​សុទ្ធ​តែ​បាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ វា​នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​មាន​តម្លាភាពជាង​មុន​។

លោក​បញ្ជាក់​ថា៖​«​នៅ​ពេល​គ្រប់​អាជីវកម្ម​ទាំង​អស់​ត្រូវ​បាន​ចុះ​បញ្ជី វានឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ហើយ​ជា​មួយ​គ្នា​នេះ​វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​លក់​បង្ខូច​ថ្លៃ​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​មិន​ស្រប​ច្បាប់​មួយ​ចំនួន​ដែល​រក​ស៊ី​ដោយ​មិន​បង់​ពន្ធ​ផង​ដែរ​»។

LEAVE A REPLY

Please enter your comment!
Please enter your name here