ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្ថាបនិក និងជាអគ្គនាយកបុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានថ្លែងថា នៅកម្ពុជាមិនមានអ្នកអភិវឌ្ឍន៍ថៃ មកវិនិយោគលើវិស័យអចលនទ្រព្យនោះទេ ប៉ុន្តែសម្ភារៈសំណង់វិញបច្ចុប្បន្ននេះ យើងមិនប្រើប្រាស់ផលិតផលថៃនោះទេ។
លោកបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះបន្តថា សម្ភារៈថៃ មិនមានគុណភាពប្រសើរជាង ផលិតផលឬសម្ភារៈសំណង់ប្រទេសវៀតណាម ម៉ាឡេស៊ីនោះទេ។ លោកបន្តថា អ្នកវិនិយោគនៅកម្ពុជា បានចំណាយទុនច្រើន បានផលិតសម្ភារៈសំណង់ច្រើនរួចទៅហើយ ដូចជាក្រុមហ៊ុនជីប ម៉ុង ដែលបានផលិតលើសម្ភារៈសំណង់ ជាច្រើនរួចមកហើយ។

លោកបណ្ឌិតគីម ហ៊ាងបញ្ជាក់ថា “បើរង់ចាំពេល២ទៅ៣ឆ្នាំទៀត កម្ពុជាមិនចៃបាច់ទិញផលិតផល ពីបរទេសទៀតក៏បាន ហើយកម្ពុជា និងថៃបន្តបិទព្រំដែនជាមួយកម្ពុជារហូតក៏មិនមានបញ្ហា”។
លោកបន្តថា បច្ចុប្បន្នអ្នកអភិវឌ្ឍន៍ធំៗមួយចំនួន បានងាកទិញផលិតផលផលិតនៅប្រទេសចិន ដែលមានគុណភាពល្អ និងតម្លៃទាបជាងប្រទេសមួយចំនួនទៀត ក្នុងករណីយើងបញ្ជាទិញក្នុងបរិមាណច្រើន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តដោយគាំទ្រ និងលើកទឹកចិត្តអ្នកក្នុងស្រុក ធ្វើការវិនិយោគផលិតសម្ភារៈទាំងអស់ ក្នុងស្រុក ដែលជាការរួមចំណែក ដល់ការលើកកំពស់សេដ្ឋកិច្ចជាតិ ព្រោះបច្ចុប្បន្នយើងមានធនធាន មានសមត្ថភាពផលិតខ្លួនឯងបានហើយ មិនចាំបាច់ប្រើប្រាស់ផលិតផលថៃ ដូចកាលពី៣០ ទៅ៤០ឆ្នាំមុននោះទេ៕







