ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូប្រភេទទី២(Second-hand)ជាមធ្យមនៅទូទាំងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូនៃប្រទេសជប៉ុនបានហក់ឡើងដល់ទំហំទឹកប្រាក់លើសកម្រិត១០០លានយ៉េនក្នុងរយៈពេល៥ខែជាប់គ្នាគិតនៅត្រឹមខែកញ្ញា ឆ្នាំ២០២៥។
រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Tokyo Kantei បានអះអាងថា ខុនដូប្រភេទទី២ ដែលមានទំហំ៧០ម៉ែត្រការ៉េ មានតម្លៃជាមធ្យមចំនួន១១០លានយ៉េន(ប្រមាណ៧២០.០០០ដុល្លារ)នៅខែកញ្ញា ឆ្នាំនេះ ហក់ឡើង៣៧ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
តម្លៃខុនដូប្រភេទទី២ ជាមធ្យមនៅសង្កាត់ចំនួន៦នៅចំកណ្តាលទីក្រុងតូក្យូ រួមមានដូចជា សង្កាត់ Chuo សង្កាត់ Minato និងសង្កាត់ Shibuya បានហក់ឡើងជិត៣១ភាគរយគិតជាប្រាក់យ៉េន ដល់ទំហំទឹកប្រាក់ប្រហែល១,១៥លានដុល្លារអាមេរិកក្នុងមួយយូនីត។

តម្លៃខុនដូប្រភេទទី២ជាមធ្យមនៅសង្កាត់ភាគខាងត្បូង និងភាគខាងលិចចំនួន៦ រួមមានដូចជាសង្កាត់ Shinagawa និងសង្កាត់ Setagaya បានហក់ឡើងប្រហែល២២ភាគរយ ដល់ទំហំទឹកប្រាក់ប្រមាណ៦០០.០០០ដុល្លារអាមេរិក។
ក្រុមហ៊ុន Tokyo Kantei លើកឡើងថា ខុនដូនៅចំកណ្តាលទីក្រុងតូក្យូត្រូវបានគេមើលឃើញថា មានតម្លៃថ្លៃកាន់តែខ្លាំងឡើង ដែលជំរុញឱ្យម្ចាស់យូនីតខុនដូថ្មីៗសម្រេចចិត្តលក់ខុនដូរបស់ខ្លួនចេញវិញដើម្បីទទួលបានប្រាក់ចំណេញ៕ប្រភព: NHK World ៕







