ដោយៈ គង់ សូរិយា
ស្វាយរៀងៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មនៅកម្ពុជា ឆ្នាំ ២០២៣-២០៣៣” លើកទី៣។
សិក្ខាសាលានេះប្រារពធ្វើឡើង ក្រោមអធិបតីភាព លោកហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា គណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មនៅកម្ពុជា ឆ្នាំ២០២៣-២០៣៣”។
-->
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងតំណាងគណៈអភិបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មទាំង៥ខេត្ត មានដូចជា ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង និងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានភស្តុភារកម្ម។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្សព្វផ្សាយផែនការមេ ដល់គ្រប់ភាគីពាក់ព័ន្ធលើគម្រោង ដែលបានចែងក្នុងផែនការមេសរុបចំនួន១៧៤គម្រោង ដោយបែងចែកជា២ដំណាក់កាលសម្រាប់ការអនុវត្តជា ដូចជា (១) គម្រោងអនុវត្តរយៈពេលខ្លី និងមធ្យម (ចាប់ពីឆ្នាំ២០២៣-២០២៧) និង(២) គម្រោងរយៈពេលវែង (ចាប់ពីឆ្នាំ២០២៨-២០៣៣) និងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធសម្រាប់ជួយផ្សព្វផ្សាយបន្តដល់វិនិយោគិន ដើម្បីចាប់យកឱកាសវិនិយោគផងដែរ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមចូលរួមទាំងអស់ យល់ដឹងពីគោលដៅ ក៏ដូចជាសារៈសំខាន់នៃគម្រោងនានាមានក្នុង “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដើម្បីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕
