រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​បច្ចេកទេស​ដើម្បី​ពង្រីក​ផ្លូវជាតិ​លេខ​ ៤៨​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ Korea​ Consultants​ International​ (KCI​)បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​បច្ចេកទេស​របស់​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ៤៨​ (Concept​ of​ Detailed​ Design​ of​ Upgrading​ of​ National​ Road​ 48​ Project​)។

យោង​តាម​ការ​ចុះផ្សាយ​តាមរយៈ​ហ្វេ​សបុ​ករបស់ក្រ​សួង​សាធារណៈ​ការ​ និង​ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​ ៧ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ឲ្យដឹង​ថា​ កិច្ចពិភាក្សា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ ពិនិត្យ​លើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​គម្រោង​ និង​ពិនិត្យមើល​ឯកសារ​លម្អិត​លើ​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ៤៨ដែល​បាន​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​ Korea​ Consultants​ International​ (KCI​)។

ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់ពី​កិច្ចពិភាក្សា​នេះ​ ក្រុមការងារ​របស់ក្រ​សួង​ក៏បាន​ពិភាក្សា​លម្អិត​ជាមួយ​ក្រុមហ៊ុន​ ផ្ដល់​ទីប្រឹក្សា​ Korea​ Consultants​ International​ (KCI​) ដើម្បី​ពិនិត្យ​ និង​ផ្តល់​អានុ​សាសន៍​មួយចំនួន​លើ​ផ្នែក​បច្ចេកទេស​សំ​ខាន់​ៗពាក់ព័ន្ធ​ផង​ដែរ​។សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះ សំណាល ​ជាមួយ​កម្មករ​ និយោជិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ កន្លងមក​នេះ​ថា​ ផ្លូវជាតិ​លេខ៤៨​ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ​ នា​ពេល​អនាគត​ ក្រោម​ហិរញ្ញប្បទាន​របស់​កូរ៉េ​ខាងត្បូង​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ មហិច្ឆតា​របស់​សម្តេច​ មិន​ត្រឹមតែ​តភ្ជាប់​ខេត្តកោះកុង​ ទៅ​ព្រះសីហនុ​ នឹង​ទៅ​ភ្នំពេញ​នោះ​ គឺ​នឹង​សាងសង់​ផ្លូវ​តភ្ជាប់​កោះកុង​ ទៅ​តំបន់​ថ្មដា​នៅ​ខេត្តពោធិ៍សាត់​ នឹង​ទៅ​ខេត្តបាត់ដំបង​ និង​ប៉ៃលិន​។ សម្តេច​តេជោ​ថ្លែង​ថា​ “នៅ​ថ្ងៃខាងមុខ​នេះ​ ផ្លូវ​លេខ៤៨​ ពី​ខេត្តកោះកុង​ ទៅ​ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ​ (Hight​ Way​) ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការ​ធ្វើដំណើរ​ របស់​ប្រជាពលរដ្ឋ​យើង​ ដែល​ផ្លូវ​នេះ​ នឹង​ត្រូវ​ស្ថាបនា​ឡើង​ ដោយ​ជំនួយ​សាធារណរដ្ឋ​កូរ៉េ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ យើង​ក៏​មានផ្លូវ​ចេញពី​ខេត្តកោះកុង​ ទៅ​តំបន់​ ថ្មដា​ នៃ​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​ទៀតផង​ ដើម្បីឲ្យ​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​យើង​ កាន់តែ​ងាយស្រួល​ និង​ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា​ ។

សម្តេច​តេជោ​ បាន​បន្ថែម​ថា​ បន្ទាប់ពី​ការ​ដាក់ចេញ​នូវ​ នយោបាយ​ ឈ្នះ​-ឈ្នះ​ រួចហើយ​នោះ​ គឺ​កម្ពុជា​ បាន​កំណត់​ដាក់ចេញ​ នូវ​យុទ្ធសាស្ត្រ​ពីរ​សំខាន់​គឺ​ ១)ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ក្តៅ​ ទាំងអស់​ ឲ្យ​ទៅជា​តំបន់​ទីផ្សារ​ និង​តំបន់​អភិវឌ្ឍ​ និង​ ២) ការ​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេសជិតខាង​ ឲ្យ​ទៅជា​តំបន់​ដែល​មាន​សន្តិភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​។

ផ្លូវ​លេខ៤៨មាន​ប្រវែង១៥០គីឡូម៉ែត្រ​ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទីរួមខេត្ត​កោះកុង​ ត្រូវ​បា​នរ​ការខូចខាត​ ដោយ​ដល់អាយុ​កាល​ ហើយ​ត្រូវ​ស្ថាបនា​ឡើងវិញ​ និង​ដោយសារ​ការ​ដឹក​លើស​ទម្ងន់​កំណត់​ ព្រមទាំង​ស្ថានភាព​អាកាសធាតុ​ ដែល​មាន​ភ្លៀង​ឥត​ឈប់ឈរ​នៅ​តំបន់​នោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here