ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក Jason Ma ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន EALYTEX GLOBAL INC បានបង្ហាញពីផែនការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីនាំចេញ។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកJason Ma ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន EALYTEX GLOBAL INC តាមរយៈកិច្ចសម្របសម្រួលរបស់លោកCasey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា។
-->
តាមរយៈជំនួបនេះលោក Jason Ma បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការវិនិយោគបច្ចុប្បន្នរបស់ក្រុមហ៊ុន និងបានបង្ហាញឆន្ទៈក្នុងការបណ្តាក់ទុនបន្ថែម នៅក្នុងឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាសម្រាប់ការនាំចេញ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះរាល់ការវិនិយោគដែលមានលក្ខណៈជាកសិ-ឧស្សាហកម្ម ដែលនឹងចូលរួមជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។
លោកស៊ុន ចាន់ថុល ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធនៃ ក.អ.ក. បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីឱ្យគម្រោងនេះ អាចដំណើរការទៅបានដោយរលូន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកដោយផ្ទាល់ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា តាមរយៈការបង្កើតនូវខ្សែចង្វាក់ផលិតកម្មពេញលេញ ដែលចាប់ផ្តើមពីការប្រមូលផល រហូតដល់ការកែច្នៃសម្រេច (Finished Products)៕
