ក្រុមហ៊ុនអាមេរិកធំមួយប្រកាសបន្ថែមទុនវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្ម

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោក Jason Ma ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន EALYTEX GLOBAL INC បានបង្ហាញពីផែនការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីនាំចេញ។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលស៊ុន ចាន់ថុល ឧបនា​យ​ករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកJason Ma ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន EALYTEX GLOBAL INC តាមរយៈកិច្ចសម្របសម្រួលរបស់លោកCasey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា។

តាមរយៈជំនួបនេះលោក Jason Ma បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការវិនិយោគបច្ចុប្បន្នរបស់ក្រុមហ៊ុន និងបានបង្ហាញឆន្ទៈក្នុងការបណ្តាក់ទុនបន្ថែម នៅក្នុងឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាសម្រាប់ការនាំចេញ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វា​គមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះរាល់ការវិនិយោគដែលមានលក្ខណៈជាកសិ-ឧស្សាហកម្ម ដែលនឹងចូលរួមជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។

លោកស៊ុន ចាន់ថុល ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធនៃ ក.អ.ក. បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីឱ្យគម្រោងនេះ អាចដំណើរការទៅបានដោយរលូន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកដោយផ្ទាល់ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា តាមរយៈការបង្កើតនូវខ្សែចង្វាក់ផលិតកម្មពេញលេញ ដែលចាប់ផ្តើមពីការប្រមូលផល រហូតដល់ការកែច្នៃសម្រេច (Finished Products)៕

LEAVE A REPLY

Please enter your comment!
Please enter your name here