ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរវស់រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគចំនួន ៦០៩ គម្រោង ក្នុងទំហំទុនសរុប៩,៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥។
ទំហំទូនវិនិយោគនេះ កើនឡើង៤៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤ ដែលមានទុនវិនិយោគ៦,៥ ប៊ីលានដុល្លារ។
-->
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC ទំហំទុនវិនិយោគ៩,៥ ប៊ីលានដុល្លារ បែងចែកជាវិស័យ វិស័យឧស្សាហកម្ម ៥,៧ ប៊ីលានដុល្លារ ហេដ្ឋារចនាសម្ព័ន្ធ៣,១ប៊ីលានដុល្លារ, កសិកម្ម និងកសិ-ឧស្សាហកម្ម៤៣៦លានដុល្លារ និងទេសចរណ៍១៧៥លានដុល្លារ។
សម្រាប់តែខែវិច្ឆិកា គម្រោងវិនិយោគសរុបចំនួន៣៤ គម្រោង ក្នុងទំហំទុន២៦២លានដុល្លារ ត្រូវបានអនុម័ត ដែលអាចបង្កើតការងារបាន២៤ពាន់កន្លែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ថា កម្ពុជារំពឹងនឹងអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) លើសពី៦០០ គម្រោងនៅឆ្នាំ ២០២៥ ដែលជាកំណត់ត្រាថ្មី ខណៈនៅឆ្នាំ ២០២៤ កម្ពុជាបានបំបែកកំណត់ត្រាម្តងរួចមកហើយ ក្នុងការអនុម័តគម្រោងវិនិយោគច្រើនបំផុតក្នុងរយៈពេល៣០ឆ្នាំ។

លោកអះអាងថា ការធ្វើកំណែទម្រង់បានធ្វើឲ្យកម្ពុជា ទទួលបានចំណាត់ថ្នាក់អន្តរជាតិខ្ពស់ លើការទាក់ទាញវិនិយោគពីបទេស។
កម្ពុជាជាប់ចំណាត់ថ្នាក់កំពូល ពីទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ទាក់ទាញការវិនិយោគ។
ជាក់ស្តែងនៅឆ្នាំ២០២៥នេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩លើពិភពលោក លើសន្ទស្សន៍នៃការទាក់ទាញវិនិយោគផ្ទាល់របស់បរទេស (FDI) បើធៀបទំហំសេដ្ឋកិច្ចប្រទេស៕
