ដំណឹងល្អ! រដ្ឋាភិបាលអនុម័តទុនវិនិយោគ៩៥០០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​ដែលជាសេនាធិការរវស់រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគចំនួន ៦០៩ ​គម្រោង ​ក្នុងទំ​ហំ​ទុន​សរុប៩,៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥។

ទំហំទូនវិនិយោគនេះ កើនឡើង៤៧% ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា ​នៅឆ្នាំ ២០២៤ ​ដែល​មាន​ទុនវិនិយោគ៦,៥ ​ប៊ីលានដុល្លារ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC ទំហំទុនវិនិយោគ៩,៥ ប៊ីលានដុល្លារ បែងចែក​ជាវិស័យ វិស័យឧស្សា​ហកម្ម ៥,៧ ប៊ីលានដុល្លារ ហេដ្ឋារចនាសម្ព័ន្ធ៣,១ប៊ីលានដុល្លារ, កសិកម្ម និងកសិ-ឧស្សាហកម្ម៤៣៦លាន​ដុល្លារ និងទេសចរណ៍១៧៥លានដុល្លារ។​

សម្រាប់​តែខែវិច្ឆិកា ​គម្រោងវិនិយោគសរុបចំនួន៣៤ ​គម្រោង ក្នុងទំហំទុន២៦២លានដុល្លារ ត្រូវ​បាន​អនុម័ត ​ដែល​អាច​បង្កើត​ការងារ​បាន២៤ពាន់​កន្លែង​។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥​ថា ​កម្ពុជា​រំពឹង​នឹង​អនុម័ត​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ​លើស​ពី៦០០ គម្រោង​នៅ​ឆ្នាំ ២០២៥ ​ដែល​ជា​កំណត់​ត្រា​ថ្មី ខណៈ​នៅ​ឆ្នាំ ២០២៤ កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ម្តង​រួច​មក​ហើយ ​ក្នុង​ការ​អនុម័ត​គម្រោង​វិនិយោគ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល៣០ឆ្នាំ។ ​

លោក​អះអាង​ថា ការ​ធ្វើ​កំណែ​ទម្រង់​បាន​ធ្វើ​ឲ្យ​កម្ពុជា ​ទទួល​បាន​ចំណាត់​ថ្នាក់​អន្តរជាតិ​ខ្ពស់ ​លើ​ការ​ទាក់ទាញ​វិនិយោគ​ពី​បទេស​។

កម្ពុជា​​ជាប់​ចំណាត់​ថ្នាក់​កំពូល​ ពី​ទីផ្សារ​រីកចម្រើន​ឈាន​មុខ​គេ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ។

ជាក់ស្តែងនៅ​ឆ្នាំ២០២៥នេះ កម្ពុជាជាប់ចំណាត់​ថ្នាក់​លេខ១ នៅ​អាស៊ីប៉ាស៊ីហ្វិក និង​លេខ៩លើ​ពិភពលោក​ លើ​សន្ទស្សន៍​នៃ​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​របស់​បរទេស (FDI) បើ​ធៀប​ទំហំ​សេដ្ឋកិច្ច​ប្រទេ​ស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here