ក្រសូងប្រៃសណីយ៍កម្ពុជាចុះMOUចំនួន៧ជាមួយដៃគូពាក់ព័ន្ឋជាតិ និងអន្តរជាតិ

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេតបានឲ្យដឹងថា កម្ពុជាបានចុះហត្ថលេខា លើកអនុស្សរណៈយោគយល់ចំនួន៧ ជាមួយប្រទេសជាមិត្តនិងដៃគូពាក់ព័ន្ធ ក្នុងវិស័យឌីជីថល បង្ហាញអំពីតួនាទីសំខាន់របស់កម្ពុជាក្នុងតំបន់។

លោកថ្លែងបែបនេះ ក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចឌីជីថលនៅរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងមកនេះ។

វេទិកានេះ ក៏មានការប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវនៃសេវាទូរសព្ទចល័ត5G ចាប់ពីឆ្នាំ២០២៦តទៅ ហើយបន្ទាប់ពីនោះ គឺប្រតិបត្តិករទូរសព្ទចល័តធំៗទាំង៣ ដែលមានវត្តមានក្នុងពិព័រណ៍ ក៏បាននាំយកឧបករណ៍តេស្តសាកល្បង សម្រាប់សាធារណជនទូទៅ អាចបានឃើញអំពីចំណុះសមត្ថភាពរបស់សេវា5G នេះដែរ។

លោកបញ្ជាក់ថា “ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សេវា5G នឹងជួយបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងកម្រិតខ្ពស់ ជាពិសេស ក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម ព្រមទាំងជួយជំរុញល្បឿននៃដំណើរការបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់វិស័យទាំងអស់”។

លោកបន្តថា ក្នុងវេទិកានេះ លោកDavid L. Almirol Jr. អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាលverify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង៩០លាននាក់ និងមានប្រតិបត្តិការជាង១៧២លានដង ក្នុងរយៈពេលដ៏ខ្លី ហើយនឹងត្រៀមដាក់នៅលើបណ្ណបើកបរនៅក្នុងឆ្នាំ២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានជួយរៀបចំដាក់ឱ្យប្រើថ្នាលverify ជាជំហានដំបូង នៅលើបណ្ណបើកបររបស់ប្រ​ទេ​សទីម័រឡេស្តេ។

ប្រទេសបង់ក្លាដេស បានស្នើសុំប្រើប្រាស់ថ្នាលverify នៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រជាជនសរុបប្រមាណ១៧៤លាននាក់។

លើសពីនេះថ្នាលDG SuperApp  របស់កម្ពុជានឹងមានវត្តមានក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៦។

វត្តមានរបស់ក្រុមហ៊ុន Plug and Play បានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបច្ចេកវិទ្យា និងយុវជនដែលចាប់អារម្មណ៍ លើធុរកិច្ចថ្មីឌីជីថល មានការកើនឡើងខ្ពស់ ក្រោយការប្រកាសអំពីបំណងនៃការវិនិយោគលើ Bamnang Academy ដែលជាធុរកិច្ចថ្មីឌីជីថលរបស់យុវជនខ្មែរ។ នេះបញ្ជាក់ថា “ខ្មែរអាចធ្វើបាន”។

លោករដ្ឋមន្រ្តីជា វ៉ាន់ដេតបានបន្តថា “ខ្ញុំសង្ឃឹមថា ជាមួយបទពិសោធរបស់ក្រុមហ៊ុន Plug and Play, Bamnang Academy នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខ”។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តីបានបន្តថា សួនឌីជីថល (Digital Park) នឹងជំរុញឱ្យមានកំណើនការងារ ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌ​លបច្ចេកវិទ្យាឌីជីថល (Digital Hub) មួយក្នុងតំបន់។

លោកបញ្ជាក់ថា “ក្រសួងប្តេជ្ញានឹងបន្តជំរុញ ការអភិវឌ្ឍសួនឌីជីថល ឱ្យបានជោគជ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here