ដោយៈ គង់ សូរិយា
ព្រះសីហនុៈ របាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំ ខេត្តព្រះសីហនុបានទទួលទុនវិនិយោគរហូតដល់៧៩៧១លានដុល្លារអាមេរិក ជាមួយគំរោងអភិវឌ្ឍន៍ជាង៦០០ និងអាចបង្កើតការងារបានជាង៥ម៉ឺននាក់។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
-->
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំគឺ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន៤១២គម្រោង ជាមួយទុនវិនិយោគប្រមាណ៧៩៧១លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ៥២,០០០កន្លែង។
ដោយឡែកក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន១៩៩ គម្រោងស្មើនឹង១៣៣% លើសគោលដៅសូចនាករ សមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០គម្រោង ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារ កំពុងជាប់គាំងចំនួន៩២គម្រោង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន៩០ គម្រោង, ការពង្រីកគម្រោង ចំនួន៩គម្រោង និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន៨គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ អប់រំ ។ល។

ក្រៅពីនេះ ក្រុមការងារបានអនុវត្តវិធានការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និង ការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តន៍កម្មវិធីពិសេសនេះ រយៈពេល២ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧។
សម្រាប់រយៈពេល២ឆ្នាំ (២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុលនិង/ឬកែលម្អរួចរាល់មាន១៣៤ គម្រោងស្មើនឹង៣៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬកែលម្អ មាន១៦២គម្រោង ស្មើនឹង៣៩%, និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%។

បណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិច្ចសហការខ្ពស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និង លេខាធិការដ្ឋានក្រុមការងារ ដែលបានបំពេញបេសកកម្ម យ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេល ២ ឆ្នាំ (២០២៤-២០២៥) កន្លងមកនេះ ។
លទ្ធផលដែលសម្រេចបាននេះ ជាពិសេសការដោះស្រាយគម្រោងអគារជាប់គាំង និងការកសាងទំនុកចិត្តជូនវិនិយោគិន គឺកើតចេញពីកិច្ចសហការគ្នាជាធ្លុងមួយ ដែលក្នុងនោះ ក្រសួង-ស្ថាប័ន បានផ្តល់ការអនុគ្រោះ និងភាពបត់បែន រដ្ឋបាលខេត្ត បានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង យ៉ាងមានប្រសិទ្ធភាពនិងលេខាធិការដ្ឋានក្រុមការងារ បានដើរតួជាសេនាធិការ និងច្រកចេញចូលតែមួយយ៉ាងសកម្ម៕
