ដោយ ម៉ាណេត
ភ្នំពេញ៖ ស្ករត្នោតកំពង់ស្ពឺទទួលបានកិច្ចការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅសហភាពអឺរ៉ុបកាលម្សិលមិញនេះ បន្ទាប់ពី“ស្ករ ត្នោតកំពង់ស្ពឺ” ដែលទើបតែទទួលបានការចុះបញ្ជីការពារនៅសហភាពអឺរ៉ុប កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៩។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មដែលបានអញ្ជើញចូលរួមទិវាសហភាពអឺរ៉ុប ប្រគល់វិញ្ញាបនបត្រចុះបញ្ជី ស្ករត្នោតកំពង់ស្ពឺ ជូនលោក សម សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal។
នាយកដ្ឋានកម្មសិទ្ធិបញ្ញាឲ្យដឹងថា ក្រោយពីស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពតទទួលបានការចុះបញ្ជីការពារក្នុងកម្រិតជាតិ កាលពីឆ្នាំ២០១០ ផលិតផលសម្គាល់ភូមិសាស្ត្រទាំងពីរនេះជាផលិតផលដែលមានប្រភពផ្សារភ្ជាប់នឹងដែនដី កត្តាធម្មជាតិ និងវិធីសាស្ត្រផលិតជាប្រពៃណីដែលបានសិក្សា និងកំណត់ ហើយស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ទើបស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពតមានគុណភាព ចរិកលក្ខណៈពិសេស និងកេរ្តិ៍ឈ្មោះល្បីទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។
ស្ករត្នោតកំពង់ស្ពឺមិនត្រឹមតែសម្រាប់ប្រើប្រាស់ធ្វើម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែមានកម្រិតជាតិផ្អែមទាបដែលអាចទ្រទ្រង់សុខភាព និងរក្សាភាពក្មេងខ្ចីរបស់មនុស្សបានល្អប្រសើរឡើង។
នាយកដ្ឋានកម្មសិទ្ធិបញ្ញា បន្ថែមថា “ដោយសារតែភាពល្បីទាំងនេះហើយ “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ទើបឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមពង្រីកកិច្ចការពារនៅប្រទេសវៀតណាម ថៃ និងសហភាពអឺរ៉ុប ដើម្បីទទួលបាននូវកិច្ចការពារតាមផ្លូវច្បាប់ឲ្យបានរឹងមាំ ក្នុងករណីមានការក្លែងបន្លំ អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនោះអាចជួយចាត់វិធានការទប់ស្កាត់បាន”។
កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញាជាតិ បានកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបានចូលក្នុងកិច្ចព្រៀមព្រៀង និងសន្ធិសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ដែលអាចការពារទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេស ហើយថ្មីៗនេះយើងទើបតែបានចុះបញ្ជីការពារស្រា CHAMPAGNE ដែលម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដំបូងនៅកម្ពុជាផងដែរ៕