ស្ករត្នោត​កំពង់ស្ពឺ​ទទួល​បាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ពី​សហភាព​អឺរ៉ុប​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ ស្ករត្នោត​កំពង់ស្ពឺ​ទទួល​បាន​កិច្ចការពារ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​សហភាព​អឺរ៉ុប​កាល​ម្សិលមិញ​នេះ​ បន្ទាប់ពី​“ស្ករ​ ត្នោត​កំពង់ស្ពឺ​” ដែល​ទើបតែ​ទទួល​បានការ​ចុះបញ្ជី​ការពារ​នៅ​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​ ២០១៩​។

លោក​ George​ Edgar​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ និង​លោក​ កឹម​ ស៊ី​ថន​ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​អញ្ជើញ​ចូលរួម​ទិវា​សហភាព​អឺរ៉ុប​ ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ ស្ករត្នោត​កំពង់ស្ពឺ​ ជូន​លោក​ សម​ សា​រឿន​ ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ នា​ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ Raffles​ Hotel​ Le​ Royal​។

នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ឲ្យដឹង​ថា​ ក្រោយពី​ស្ករត្នោត​កំពង់ស្ពឺ​ និង​ម្រេច​កំពត​ទទួល​បានការ​ចុះបញ្ជី​ការពារ​ក្នុង​កម្រិត​ជាតិ​ កាលពី​ឆ្នាំ២០១០​ ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទាំងពីរ​នេះ​ជា​ផលិតផល​ដែល​មាន​ប្រភព​ផ្សារភ្ជាប់​នឹង​ដែនដី​ កត្តា​ធម្មជាតិ​ និង​វិធីសាស្ត្រ​ផលិត​ជា​ប្រពៃណី​ដែល​បាន​សិក្សា​ និង​កំណត់​ ហើយ​ស្ថិត​ក្រោម​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​ ទើប​ស្ករត្នោត​កំពង់ស្ពឺ​ និង​ម្រេច​កំពត​មានគុណ​ភាព​ ចរិ​កលក្ខណៈ​ពិសេស​ និង​កេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ក្នុង​ទីផ្សារ​ជាតិ​ និង​ទីផ្សារ​អន្តរជាតិ​។

ស្ករត្នោត​កំពង់ស្ពឺ​មិន​ត្រឹមតែ​សម្រាប់​ប្រើប្រាស់​ធ្វើម្ហូប​អាហារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​មានកម្រិត​ជាតិ​ផ្អែម​ទាប​ដែល​អាច​ទ្រទ្រង់​សុខភាព​ និង​រក្សា​ភាព​ក្មេងខ្ចី​របស់​មនុស្ស​បាន​ល្អ​ប្រសើរ​ឡើង​។

នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ បន្ថែម​ថា​ “ដោយសារតែ​ភាព​ល្បី​ទាំងនេះ​ហើយ​ “ស្ករត្នោត​កំពង់ស្ពឺ​” និង​ “ម្រេច​កំពត​” ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ទើប​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តួចផ្តើម​ពង្រីក​កិច្ចការពារ​នៅ​ប្រទេស​វៀតណាម​ ថៃ​ និង​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​បាន​នូវ​កិច្ចការពារ​តាមផ្លូវ​ច្បាប់​ឲ្យបាន​រឹងមាំ​ ក្នុងករណី​មានការ​ក្លែងបន្លំ​ អាជ្ញាធរ​មានសមត្ថកិច្ច​នៃ​ប្រទេស​នោះ​អាច​ជួយ​ចាត់វិធានការ​ទប់ស្កាត់​បាន​”។

កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​លើកស្ទួយ​វិស័យ​កម្មសិទ្ធិ​បញ្ញា​ជាតិ​ បាន​កសាង​ច្បាប់​ លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បាន​ចូលក្នុង​កិ​ច្ច​ព្រៀម​ព្រៀង​ និង​សន្ធិសញ្ញា​អន្តរជាតិ​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​ ដែល​អាច​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា​ ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ ហើយ​ថ្មី​ៗនេះ​យើង​ទើបតែ​បាន​ចុះបញ្ជី​ការពារ​ស្រា​ CHAMPAGNE​ ដែល​ម្ចាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​នៅ​កម្ពុជា​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here