រូបភាពនៃក្រុមគ្រួសារ Century21។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យកាន់តែមានទំនុកចិត្ត ក្រុមហ៊ុនលំដាប់ពិភពលោកកាន់តែច្រើន បានឈានជើងមកកាន់ទីផ្សារកម្ពុជា ជាស្វ័យប្រវត្តិបានធ្វើឲ្យទីផ្សារនេះកាន់តែមានភាពរ៉ឹងមាំ និងបង្កើនការប្រកួតប្រជែងផងដែរ។
រូបភាពនៃក្រុមគ្រួសារ Century21។ រូបថត៖ សហការី
លោក គុយ វ៉ាត អគ្គនាយក្រុមហ៊ុន Vtrust Groupទំនងជាមានភាពក្លាហានជាងគេដែលបាននាំយកក្រុមហ៊ុនអចលនទ្រព្យ Master Century21 Cambodia មកមុនគេ មុនពេលលោកយកក្រុមហ៊ុនដទៃទៀតចូលមកកាន់ទីផ្សារនេះ ដែលធ្វើឲ្យទីផ្សារនេះកាន់តែអាចពង្រីកទៅកាន់ពិភពលោក ហើយពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើនជាងមុន។
-->
នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Advance Property ដែលជាសមាជិកមួយនៅក្នុងគ្រួសារ Century 21 Cambodia លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៥ ខែឧសភានេះថា ក្រុមហ៊ុនដ៏ធំ និងល្បីឈ្មោះលំដាប់ពិភពលោក តែងតែមានឱកាសច្រើននៅក្នុងការប្រកួតប្រជែង ដើម្បីចាប់យកចំណែកទីផ្សារ និងងាយទទួលបានទំនុកចិត្តពីសំណាក់អតិថិជន។
លោកបានបន្តទៀតថា “Century 21 គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅសហរដ្ឋអាមេរិក ដែលមានបទពិសោធន៍យូរឆ្នាំ និងមានជំនាញខ្ពស់លើវិស័យអចលនទ្រព្យនៅទូទាំងពិភពលោក”។លោកបន្តថា “ក្រុមហ៊ុននេះឈរលើគោលការណ៍ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់បំផុត ចំណុចទាំងអស់នេះដែលធ្វើឱ្យក្រុមហ៊ុនដ៏ធំមួយនេះ មានឱកាសច្រើនក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជាដៃគូ នៅតាមបណ្តាប្រទេសនានានៅលើកពិភពលោក”។
ដោយឡែកចំពោះក្រុមហ៊ុន Century 21 Advance Property ដែលចូលជាសមាជិកគ្រួសារ Century 21 Cambodia កាលពីអំឡុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ជាលទ្ធផលគឺទទួលបានផ្លែផ្កា និងអភិវឌ្ឍលើមុខជំនួញក្នុងវិស័យមួយនេះ គួរឱ្យកត់សម្គាល់ ជាក់ស្ដែងជាលទ្ធផលបន្ទាប់ពីបានចូលជាសមាជិកនៅក្នុងគ្រួសារ Century 21 Cambodia ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនេះ គឺមានភាពរីកចម្រើនគួរជាទីមោទន ដែលយើងមានអតិថិជន និងក្រុមហ៊ុនជាច្រើន ទាំងនៅក្នុងនិងក្រៅប្រទេស កំពុងតែសហការយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូ» ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ដែលអគ្គនាយកក្រុមហ៊ុនCentury 21 Mekong ក៏បានមានប្រសាសន៍ពីសក្តានុពលរបស់ម៉ាកសញ្ញាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia ផងដែរថា នៅពេលដែលយើងទិញFranchise ក្រុមហ៊ុនមេ នឹងផ្តល់ការបណ្តុះបណ្តាលពីជំនាញបន្ថែមក្នុងការទំនាក់ទំនង និងគន្លឹះសំខាន់ៗជាប្រចាំ ដើម្បីងាយស្រួលផ្សារភ្ជាប់សហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនផ្សេងៗ ជាពិសេសអាចផ្តល់ទំនុកចិត្តខ្ពស់អតិថិជន។
លោកបន្តទៀតថា “បច្ចុប្បន្នក្រុមហ៊ុនCentury 21 Mekong ដែលជាការិយាល័យតំណាង១ ក្នុងចំណោមការិយាល័យទាំង២២នៅក្នុងប្រទេសកម្ពុជា គឺកំពុងតែមានសកម្មភាពយ៉ាងមមាញឹក នៅក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន រហូតបានបង្កើតជាសាខាចំនួន២ ខណៈនៅក្នុងគម្រោងរបស់ក្រុមហ៊ុន នៅមានសាខាចំនួន៤ទៀតនឹងត្រូវបង្កើតក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខននេះ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការទទួលបានចំណែកទីផ្សារកាន់តែច្រើន”។
អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia លោកស្រី Grace Rachny Fong ដែលជាអ្នកគ្រប់គ្រង និងតំណាងប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន Century 21 មានអាយុកាល៤៨ឆ្នាំរួមមកហើយ ដោយបច្ចុប្បន្ននេះបានពង្រីកការិយាល័យរបស់ខ្លួនបានចំនួន៨២២៥ ការិយាល័យ នៅតាមបណ្តាប្រទេសចំនួន៨១ និងមានភ្នាក់ងាររហូតដល់ជាង១៣ម៉ឺននាក់នៅទូទាំងពិភពលោក។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា កម្ពុជា គឺជាប្រទេសទី៧៥ ដែលក្រុមហ៊ុន Century 21 ឈានជើងចូលមកបង្ហាញវត្តមានកាលពីអំឡុងឆ្នាំ២០១៣ និងបានបំបែកការិយាល័យតំណាងរបស់ខ្លួនចំនួន២២ ដែលនៅក្នុងនោះការិយាល័យជាង១០ទៀត បានពង្រីកសាខារបស់ខ្លួននៅតាមបណ្តាខេត្តក្រុងរួចទៅហើយ ដើម្បីចង់ផ្តល់សេវាកម្មល្អឱ្យទៅដល់ដៃម្ចាស់ទ្រព្យ។
លោកស្រីបន្តទៀតថា “យើងជាភ្នាក់ងារដែលមានជំនាញត្រឹមត្រូវ ក្នុងការផ្តល់សេវាកម្មទិញ លក់ និងជួលគ្រប់ប្រភេទអចលទ្រព្យទាំងអស់ ជាមួយនឹងគោលការណ៍ការផ្តល់សេវាដោយភាពទំនុកចិត្ត , សេវារហ័សទាន់ចិត្តប្រកបដោយស្នាមញញឹម និងជាសេវាកម្មដែលពោរពេញដោយភាពស្មោះត្រង់”។
រូបភាពនៃក្រុមគ្រួសារ Century21។ រូបថត៖ សហការី
លោកស្រី Grace Rachny Fong បានបន្ថែមថា ដោយសារសម្លឹងឃើញច្បាស់ថា នៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យអចលនទ្រព្យ ក្រោមការចូលខ្លួនមកវិនិយោគភាគច្រើនដោយក្រុមហ៊ុនចិន និងជប៉ុននោះ ក្រុមហ៊ុន Century 21 ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាលម្អិតពីឱកាសដែលអាចទទួលបានលទ្ធផលវិជ្ជមាន ហើយពេលនេះក្រុមហ៊ុនបានទទួលសមាជិក ដែលមានសក្តានុពលក្នុងនាមជាសហគ្រិន និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងវិស័យនេះចំនួន២២ការិយាល័យ”៕