ភាគីកូរ៉េសិក្សាសវែងរកឱកាសវិនិយោគបង្កើតរោងចក្រផលិតថ្នាំ និងច្រាស់ដុសធ្មេញនៅកម្ពុជា

0

ដោយៈ ម៉ាណា

    កូរ៉េៈ ភាគីកូរ៉េបានបង្ហាញការចាប់អារម្មណ៍ ក្នុងការសិក្សាលទ្ឋភាពវិនិយោគ បង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញនៅកម្ពុជា និងវិស័យមួយចំនួនទៀត។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយ លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគីរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

ក្នុងឱកាសនៃជំនួបនេះ លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ទន្ទឹមនឹងនេះ លោកក៏បានរំលឹកផងដែរ អំពីកំណើនគួរឱ្យកត់សម្គាល់ នៃការវិនិយោគពីសាធារណរដ្ឋកូរ៉េ ចាប់តាំងពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ ស្តីពីការជំរុញ និងការការពារវិនិយោគ នៅឆ្នាំ១៩៩៩។

ទោះជាយ៉ាងណា ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ទុះនៃការវិនិយោគពីកូរ៉េមានការថយចុះ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយពីបរិយា កាសវិនិយោគកម្ពុជា និងជាកម្លាំងចលករ ក្នុងការទាក់ទាញវិនិយោគិនកូរ៉េ ឱ្យត្រឡប់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងវិញ។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូន អំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំចំនួន២លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន។

ជាការឆ្លើយតប លោក Joo Bong Park បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានលើកឡើងថា កម្ពុជាជាប្រទេសកំណើតទី២របស់លោក។

ក្នុងន័យនេះ លោកប្រធាននឹងខិតខំជំរុញឱ្យធុរជន ក្នុងទីក្រុង Incheon ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារកម្ម ដ៏មានសក្តានុពលរបស់សាធារណរដ្ឋកូរ៉េ ឱ្យមកសិក្សាស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។

លោកមានការជឿជាក់យ៉ាងមុតមាំថា ការអញ្ជើញមកដល់កម្ពុជាដោយផ្ទាល់របស់វិនិយោគិនកូរ៉េ នឹងក្លាយជាសក្ខីភាពដ៏សំខាន់ ក្នុងការលុបបំបាត់នូវរាល់ព័ត៌មានមិនពិត ឬការភ័ន្តច្រឡំនានាដែលបានកើតឡើងនាពេលកន្លងមក។

បន្ថែមលើកិច្ចសហប្រតិបត្តិការជារួម លោកប្រធានក៏បានជម្រាបជូនអំពីបំណង ក្នុងការពិនិត្យលទ្ធភាពវិនិយោគ បង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។

លោកអគ្គលេខាធិការ និងលោកប្រធានសភាពាណិជ្ជកម្ម បានផ្តល់កិត្តិយសចុះហត្ថលេខាលើ លិខិតសម្តែងបំណង (Letter of Intent) ស្តីពីកិច្ចសហប្រតិបត្តិការ វិនិយោគរវាងស្ថាប័នទាំងពីរ ដើម្បីបើកផ្លូវ ឱ្យមានការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគជាក់ស្តែងនៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here