ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៦ កំពុងឈានចូលដល់ដំណាក់កាលនៃកំណើនប្រកបដោយស្ថិរភាព និងមាននិរន្តរភាពជាងមុន ខណៈអ្នកទិញមានការប្រុងប្រយ័ត្នជាងមុនលើការសម្រេចចិត្តទិញលំនៅឋាន។
ជាមួយគ្នានេះ គេសង្កេតឃើញការកើនឡើងនៃការវិនិយោគផ្នែកអចលនទ្រព្យឧស្សាហកម្មនៅប្រទេសម៉ាឡេសុី និងការផ្តោតអាទិភាពកាន់តែខ្លាំងលើការអភិវឌ្ឍអចលនទ្រព្យដែលមានគុណភាពខ្ពស់។
កត្តាអំណោយផលនានា ដូចជា ស្ថិរភាពនៃកំណើនសេដ្ឋកិច្ច ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ និងស្ថិរភាពនៃលក្ខខណ្ឌហិរញ្ញប្បទាន ត្រូវបានគេរំពឹងថា នឹងជួយជំរុញតម្រូវការលំនៅឋានក្នុងប្រទេសម៉ាឡេសុី។
ទីផ្សារលំនៅឋាននៅតែជាផ្នែកដ៏ធំបំផុតនៃវិស័យអចលនទ្រព្យម៉ាឡេសុី។ ប៉ុន្តែ អ្នកទិញកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុនពេលសម្រេចចិត្តទិញលំនៅឋាន។ តម្លៃផ្ទះបានថយចុះនៅក្នុងតំបន់មួយចំនួន ដោយសារបញ្ហាកង្វះលទ្ធភាពទិញផ្ទះ និងភាពប្រុងប្រយ័ត្នរបស់អ្នកទិញ។

ក្នុងនោះ រដ្ឋ Johor បានក្លាយជាទីផ្សារលំនៅឋានធំជាងគេទី២ បន្ទាប់ពីរដ្ឋ Selangor ដែលត្រូវបានជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រពីតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore។
ទីផ្សារកំពុងផ្តោតកាន់តែខ្លាំងឡើងលើគុណភាព និរន្តរភាព និងតម្លៃរយៈពេលវែង។ អចលនទ្រព្យដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពបៃតង និងទំនើប ជាពិសេសនៅក្នុងផ្នែកការិយាល័យ និងឧស្សាហកម្ម បន្តមានតម្រូវការខ្ពស់។
ទីផ្សារអចលនទ្រព្យផ្នែកឧស្សាហកម្ម ភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ ជាកត្តាជំរុញកំណើនដ៏សំខាន់ ដោយទទួលបានពីការវិនិយោគពីបរទេសយ៉ាងច្រើន ជាពិសេសនៅក្នុងច្រករបៀងជាយុទ្ធសាស្ត្រដូចជា រដ្ឋ Johor និងរដ្ឋ Penang៕ប្រភព: Starproperty៕







