ទិដ្ឋភាពបុរីមួយកន្លែងក្នុងក្រុងបាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ
ដោយ រ៉ាណេត
បាត់ដំបងៈ អាជ្ញាអធរមូលដ្ឋាន និងអ្នកអភិវឌ្ឍន៍បានអះអាងថា ទីផ្សារលំនៅដ្ឋាននៅក្រុងបាត់ដំបងកំពុងមានសកម្មភាពផុសផុល ខណៈតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានការកើនឡើង ស្របពេលកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។
អភិបាលក្រុងបាត់ដំបង់ លោក ផេង សិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅពីព្រឹកថ្ងៃទី១៦ ខែឧសភា នេះថា បច្ចុប្បន្ននេះ ក្រុងបាត់ដំបង់ដែលមានចំនួន១០សង្កាត់ កំពុងតែខិតខំធ្វើការកែលម្អរបន្ថែម ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងទាំងមូល ដើម្បីបង្កើនសោភ័ណភាពឱ្យកាន់តែមានភាពទាក់ទាញ ស័ក្ដិសមទៅនឹងកេរ្តិ៍ឈ្មោះជាតំបន់ទេសចរណ៍ល្អឯក ជាពិសេសក៏មានការរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ខណៈដែលកំណើនប្រជាសាស្ត្រ កាន់តែមានការកើនឡើងជាប្រចាំដែលបច្ចុប្បន្នប្រជាពលរដ្ឋរស់នៅទីក្រុងនេះបានកើនរហូតដល់ប្រមាណ១៥ម៉ឺននាក់។
-->
លោកបានបន្តទៀតថា “ដោយសារប្រជាសាស្ត្រកាន់តែមានកំណើនជាប្រចាំ បានជំរុញការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសផ្នែកសំណង់លំនៅដ្ឋានមានការកើនឡើងយ៉ាងខ្លាំង”។ លោកបន្តថា “រាប់ទាំងការសាងសង់សំណង់លំនៅដ្ឋានសម្រាប់លក់ពីសំណាក់អ្នកវិនិយោគកម្រិតមធ្យម ក៏ដូចជាការអភិវឌ្ឍជាសំណង់បុរីផងដែរ ដូចជាបុរីលោកឧកញ៉ា ភូ ពុយ, បុរីរំចេក និងបុរីរស្មីបាត់ដំបងជាដើម”។
ក្រៅពីនោះក៏មានសកម្មភាពពុះដីឡូតិ៍លក់ច្រើនទីតាំងផងដែរ ជាពិសេសនៅទិសខាងកើត ឈៀងខាងជើង និងទិសខាងជើង ឈៀងខាងលិច ដែលមានតម្លៃខ្ពស់ចាប់ពីជាង១០,០០០ ទៅ២០,០០០ ដុល្លារក្នុងមួយឡូតិ៍។
លោកឧកញ៉ា ហេង តុលា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍បុរីរស្មីបាត់ដំបង បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា វិស័យអចលនទ្រព្យនៅក្នុងក្រុងបាត់ដំបងនៅឆ្នាំ គឺមានភាពល្អប្រសើរជាឆ្នាំកន្លងទៅ ខណៈដែលអ្នកវិនិយោគក្នុងស្រុកមួយចំនួនទៀត ក៏កំពុងតែសម្លឹងមើលឱកាសដើម្បីចូលខ្លួនមកធ្វើការអភិវឌ្ឍ ក្នុងវិស័យលំនៅដ្ឋានផងដែរ»។
លោកបន្តទៀតថា ជាបទពិសោធន៍ និងតាមការសង្កេតមើលជាក់ស្ដែងរបស់ខ្ញុំផ្ទាល់ កាលពីប៉ុន្មានឆ្នាំមុន ក៏ដូចជាឆ្នាំកន្លងទៅនេះ សកម្មភាពនៃការទិញលក់វិស័យអចលនទ្រព្យ រួមមានដូចជាសំណង់លំនៅដ្ឋាន ក៏ដូចជាដីឡូតិ៍ មិនសូវជាមមាញឹកនោះទេ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ទាំងអ្នកវិនិយោគក្រៅស្រុក ក៏ដូចជាអ្នកដែលកំពុងរស់នៅក្នុងតំបន់តែម្ដង មានការចាប់អារម្មណ៍ចូលខ្លួនមកធ្វើការវិនិយោគគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងដូចជាគម្រោងលំនៅដ្ឋានក្នុងបុរីរបស់ខ្ញុំស្រាប់ គឺមានអតិថិជនច្រើន ហើយភាគច្រើនគឺជាការទិញដោយបង់រំលស់។
លោកបន្តថា “ការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានក្នុងបុរីរបស់ខ្ញុំភាគច្រើន ផ្តោតលើអតិថិជនដែលមានចំណូលមធ្យម និងក្រោមមធ្យម ដែលមានតម្លៃចាប់ពីប្រមាណ ១៥,០០០ដុល្លារឡើងទៅ (ជាប្រភេទលំនៅដ្ឋានកម្រិតស្រាល) រហូតដល់ប្រមាណជាង ៣០,០០០ដុល្លា”។
លោកឧកញ៉ាភូ ពុយ ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍលើវិស័យលំនៅដ្ឋាននៅក្នុងក្រុងបាត់ដំបងផងដែរនោះ ក៏បានបង្ហាញពីសុទិដ្ឋិនិយមផងដែរថា វិស័យអចលនទ្រព្យនៅក្នុងក្រុងបាត់ដំបង មិនមែនទើបតែមានសក្ដានុពលនោះទេ ពោលគឺខេត្តក្រុងមួយនេះមានភាពល្អប្រសើរជាយូរមកហើយ។ លោកឧកញ៉ាបានបន្តទៀតថា ភាពពុះកញ្ច្រោលនាពេលនេះ ក៏ព្រោះតែកំណើនសេដ្ឋកិច្ចជាតិ ដែលកាន់តែផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការរកចំណូលបានច្រើនជាងមុន។
លោកឧកញ៉ាបានបន្តទៀតថា “ភាគច្រើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមួយនេះគឺអាស្រ័យដោយផលកសិកម្ម ដូច្នេះនៅពេលសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ ផលិតផលកសិកម្មមានតម្លៃល្អ វាបានជម្រុញឱ្យពួកគាត់មានចំណូលគួរសមដែលអាចផ្តល់លទ្ធភាពក្នុងការទិញលំនៅដ្ឋានបានជាមួយនឹងវិធីសាស្ត្របង់រំលស់”។
លោកបន្តថា “ការទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅក្រុងបាត់ដំបងនាពេលនេះ ថ្វីត្បិតតែមិនទាន់អាចប្រៀបប្រដូចទៅនឹងតំបន់មួយចំនួនស្ថិតនៅជាយរាជធានីភ្នំពេញ និងក្រុងសៀមរាបក៏ពិតមែន ប៉ុន្តែវាកំពុងតែធ្វើដំណើរទៅតាមក្រោយជាបណ្តើរៗហើយ ស្របពេលដែលអ្នកវិនិយោគក្នុងស្រុក ក៏ដូចជាអ្នកវិនិយោគអន្តរជាតិកំពុងតែងាកមកចាប់អារម្មណ៍បោះទុនដើម្បីធ្វើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ”។
ខ្លោងទ្វារច្រកចូលបុរីមួយនៅក្រុងបាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ
លោកឧកញ៉ាភួ ពុយបានបញ្ជាក់ថា ចំពោះសំណង់លំនៅដ្ឋានរបស់លោក ភាគច្រើនគឺផ្តោតទៅលើកម្រិតមធ្យម ដែលមានតម្លៃចាប់ពីជាង៣០,០០០ដុល្លារឡើងទៅ ដែលលំនៅដ្ឋានប្រភេទនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនផងដែរ៕
[…] ប្រភព៖ Property Area […]