ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន បានបន្ធូរបន្ថយច្បាប់ទិញផ្ទះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀតនៃទីផ្សារអចលនទ្រព្យក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ លើពិភពលោក។
ក្រោមវិធានការថ្មី ពលរដ្ឋ (Non-residents) ដែលបានរួមចំណែកផ្នែកសន្តិសុខសង្គម ឬបង់ពន្ធលើប្រាក់ចំណូលបុគ្គលរយៈពេលមួយឆ្នាំ អាចទិញផ្ទះនៅក្នុងទីក្រុងសៀងហៃបាន។ ពីមុន ពួកគេត្រូវបង់ពន្ធលើប្រាក់ចំណូលបុគ្គលរយៈពេល៣ឆ្នាំ មុនពេលមានសិទ្ធិទិញផ្ទះ។
វិបត្តិអចលនទ្រព្យរបស់ប្រទេសចិនបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកហើយ ដែលធ្វើឲ្យសេដ្ឋកិច្ចរងផលប៉ះពាល់ និងធ្វើឲ្យបណ្តាអ្នកអភិវឌ្ឍន៍ដែលខ្វះខាតសាច់ប្រាក់ធ្លាក់ទៅក្នុងវិបត្តិខកខានសងបំណុល។
តួយ៉ាង ក្រុមហ៊ុន China Vanke ដែលធ្លាប់ជាក្រុមហ៊ុនសាងសង់លំនៅឋានធំជាងគេរបស់ប្រទេសចិន បាននិងកំពុងចរចាជាមួយម្ចាស់បំណុលដើម្បីទប់ស្កាត់ការខកខានទូទាត់សងបំណុល។

យ៉ាងណាមិញ សញ្ញានៃស្ថិរភាពកំពុងចាប់ផ្តើមលេចចេញជារូបរាងឡើង ខណៈដែលអាជ្ញាធរបានប្តេជ្ញាដាក់ចេញវិធានការគាំទ្រទីផ្សារ។ តម្លៃផ្ទះប្រភេទទី២ បានធ្លាក់ចុះក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល៨ខែកាលពីខែមករាដើមឆ្នាំនេះ។
ក្រុមអ្នកបង្កើតគោលនយោបាយកំពុងលើកទឹកចិត្តដល់ការទិញយកស្តុកលំនៅឋាន (housing stock) ដើម្បីកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការ ខណៈពួកគេក៏កំពុងពិចារណាលើវិធានការនានា រួមទាំងការឧបត្ថម្ភធនលើការផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះថ្មីផងដែរ។
ទីក្រុងសៀងហៃក៏អនុញ្ញាតឱ្យពលរដ្ឋ Non-resident ដែលបានបង់ពន្ធ ឬសន្តិសុខសង្គមរយៈពេល៣ឆ្នាំ អាចទិញផ្ទះទីពីរនៅក្នុងតំបន់ទីក្រុងសៀងហៃផងដែរ៕ប្រភព: Bloomberg៕







