ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) លោកជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (ក.ស.ប.) បានអញ្ជើញជាគណៈអធិបតីក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS)”។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) អង្គការCHAI អង្គការGAVI និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួនប្រមាណ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណ៣០០០នាក់។
កន្លងមក ក.ស.ប. និង ក.ប.ទ. បានសហការគ្នាអភិវឌ្ឍប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh) ដែលបានជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រព័ន្ធនេះមានភាពធន់សាយប័រនិងមាត្រសម្បទា (Scalability) ដែលត្រូវបានប្រើប្រាស់ដោយវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណ៨០០០នាក់ និងបានកត់ត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ប្រមាណជិត១៥លាននាក់។

ជាមួយគ្នានេះ ដោយមានតម្រូវការបន្ថែម ក្នុងការគ្រប់គ្រងនិងកត់ត្រាប្រវត្តិ នៃការចាក់ថ្នាំបង្ការផ្សេងទៀត ក.ស.ប. និង ក.ប.ទ. ក៏បានពិភាក្សានិងយល់ឃើញថា ប្រព័ន្ធចាក់វ៉ាក់សាំងដែលមានស្រាប់មានភាពសក្តិសមបំផុត ក្នុងការយកទៅពង្រីកវិសាលភាព ប្រើប្រាស់ក្នុងកម្រិតជាតិ ដោយគ្រាន់តែយកមកធ្វើការអភិវឌ្ឍបន្ថែម និងពង្រីកសមត្ថភាពឱ្យក្លាយទៅជាប្រព័ន្ធថ្មីមួយទៀត ដែលមានឈ្មោះថា ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (Electronic Immunization Registry/EIR) ដែលមានភាពធន់សាយប័រ និងសមត្ថភាពខ្ពស់ជាងមុន ព្រមទាំងអាចធ្វើអន្តរប្រតិបត្តិការ។
បន្ទាប់ពីបានអភិវឌ្ឍ និងធ្វើការវាយតម្លៃអំពីភាពធន់សាយប័រ និងភាពរួចរាល់នៃបច្ចេកទេសរួចមក ប្រព័ន្ធEIR ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសុខភាពចំនួន ២ទីតាំង គឺមណ្ឌលសុខភាពសំរោងក្រោម និងមណ្ឌលសុខភាពជ្រោយចង្វារ និងនៅខែមករា ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បង១ទីតាំងបន្ថែមទៀត គឺមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

លើសពីនេះ ក្រសួងបានបន្តបណ្តុះបណ្តាលបុគ្គលិកពេទ្យ និងដាក់ឱ្យដំណើរការសាកល្បង នៅតាមបណ្តាស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលផ្សេងទៀត។ ជាលទ្ធផលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់នៅមូលដ្ឋានសុខាភិបាលចំនួន១,៤៤៣ទីតាំង បុគ្គលិកប្រើប្រាស់ចំនួន២,៦៥៤នាក់ ទិន្នន័យប្រជាពលរដ្ឋបានចុះក្នុងប្រព័ន្ធចំនួន១៧៤,៦៨៨នាក់ និងកំណត់ត្រាវ៉ាក់សាំងចំនួន ១,១០០,១៤៩។
ជាថ្មីម្ដងទៀត ក.ស.ប. និង ក.ប.ទ. នឹងបន្តសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានាបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕







