ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុន OCIC នឹងរៀបចំឲ្យមានតំបន់ថ្មើជើង និងកន្លែងលក់ទំនិញនិងអាហារព័ទ្ឋជុំវិញកោះនេះ ដែលមានប្រវែងផ្លូវសរុប ៣៨០០ម៉ែត្រនាពេលអនាគត។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្នតំបន់កោះពេជ្របានរៀបចំឲ្យមានតំបន់ផ្លូវថ្មើជើង និងកន្លែងកំសាន្ត លក់អាហារចំនួន៣កន្លែងរួចហើយ គឺនៅទីតាំងក្បាលកោះពេជ្រ នៅទីតាំងជាប់ទន្លេតូច ទល់មុខនឹងសណ្ឋាគារនិងកាស៊ីណូណាហ្កាទី១ និងតំបន់នៃគម្រោងឡាសែន ហើយនាពេលឆាប់ៗខាងមុខនេះ នឹងមានការរៀបចំតំបន់ថ្មើជើងនាមាត់ទន្លេបាសាក់នាពេលឆាប់ៗខាងមុខនេះ។
-->
លោកបន្តថា “តាមផែនការមេរបស់ទីក្រុងនេះ យើងនឹងរៀបចំឲ្យមានតំបន់ថ្មើជើងនៅជុំវិញកោះនេះ ប៉ុន្តែយើងមិនអាចបិទកោះនេះ មិនឲ្យមានចរាចរណ៍នោះទេនាពេលអនាគត”។លោកបន្តថា “រហូតមកទល់ពេលនេះ ទីក្រុងកោះពេជ្រត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីអស់ប្រមាណ៥០ភាគរយហើយ ប៉ុន្តែបើគិតផ្ទៃក្រឡាសំណង់ ដែលយើងបានសាងសង់នាពេលនេះ ទើបសម្រេចបានប្រមាណ២៥ភាគរយប៉ុណ្ណោះ”។
លោកទូច សំណាងបានបន្តថា តាមផែនការមេរបស់ទីក្រុងនេះ យើងគ្រោងរៀបចំតំបន់នេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ដោយមានអាគារខ្ពស់់ៗជាច្រើនទៀតនឹងសាងសង់នាពេលអនាគត។លោកបន្តថា គំរោងអាគារកប់ពពកកំពស់៦៩ជាន់ នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachy Fong បានមានប្រសាសន៍ថា ទីក្រុងកោះពេជ្រ និងតំបន់ជុំវិញនេះ នឹងត្រូវរៀបចំជា Hub មួយនាពេលអនាគត ដោយគំរោងជាច្រើនបានចាប់ផ្តើមនៅតំបន់នេះ ពិសេសវត្តមានអាគារខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា នឹងធ្វើឲ្យតំបន់នេះក្លាយជា Landmark មួយនាទីក្រុងភ្នំពេញ។
អ្នកនាងបន្តថា “រយៈពេល៤ទៅ៥ឆ្នាំខាងមុខ តំបន់នេះនឹងមានភាពរសរវើក ហើយវានឹងក្លាយជាបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ”៕
[…] ប្រភព៖ Property Area […]