កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦និងមានសមត្ថភាពផលិតបានប្រមាណ១០លានតោន

0

ដោយៈ ម៉ាណា

កំពតៈ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ចំនួន៦ ដែលអាចផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ ក្នុងស្រុកដែលមានប្រមាណ១០លានតោនក្នុងមួយឆ្នាំ បានគ្រប់គ្រាន់ទាំងស្រុង។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅក្នុងឱកាស លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមទាំងអាជ្ញាធរខេត្តកំពត ចុះបំពេញបេសកកម្មត្រួតពិនិត្យ ការអនុវត្តគម្រោងវិនិយោគផលិតស៊ីម៉ង់ចំនួនពីររួមមាន ក្រុមហ៊ុន KAMPOT CEMENT CO., LTD. និងក្រុមហ៊ុន CHIP MONG INSEE CEMENT CORPORATION។

បេសកកម្មនេះមានគោលបំណងស្វែងយល់ ពីការអនុវត្តគម្រោង និងបញ្ហាប្រឈមនានា ដែលជាផ្នែកមួយ នៃការផ្តល់សេវាថែរទាំវិនិយោគ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ។

តាមរយៈការចុះត្រួតពិនិត្យនេះ គណៈប្រតិភូបានសង្កេតឃើញថាក្រុមហ៊ុនទាំងពីរបាន និងកំពុងដំណើរការយ៉ាងសកម្ម ដោយបានផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ដល់បងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលតាមរយៈការបណ្តុះបណ្តាលទាំងនេះ បានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន អាចប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក រួមទាំងបុគ្គលិកជំនាញជាន់ខ្ពស់ផងស្ទើរ១០០%។

គម្រោងវិនិយោគផលិតស៊ីម៉ង់ទាំងពីរនេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានានូវការផ្គត់ផ្គង់តម្រូវការស៊ីម៉ង់ ក្នុងស្រុក សម្រាប់បម្រើដល់វិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here