ប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងIncheonស្វែងរក កាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា

0

ដោយៈ ចំណាន

ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោកជា វុទ្ធី បានអញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដែលដឹកនាំដោយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) ក្នុងគោលបំណងបង្ហាញបន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មី សម្រាប់កិច្ចសហប្រតិ​បត្តិការនៅពេលអនាគត។

ក្នុងជំនួបពិភាក្សាការងារនេះ លោកអគ្គលេខាធិការបានសម្ដែ​ងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៅកម្ពុជា។

លោកបានសម្តែងការពេញចិត្ត ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា។

ជាមួយគ្នានេះ លោកជា វុទ្ធីបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយវិនិយោគ ដែលមានភាពអ​នុគ្រោះខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការពង្រឹងសុវត្ថិភាពសាធារណៈ។

ដោយឡែកពាក់ព័ន្ធនឹងការគាំទ្រដល់វិនិយោគិន លោកបានលើកឡើងពីប្រសិទ្ធភាព នៃយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។

លោកបានលើកទឹកចិត្តឱ្យICCI ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វ​ផ្សាយទៅកាន់បណ្តាសហគ្រាស ដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រោះស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជា នៃពិភពលោកនាពេលបច្ចុប្បន្ន ការធានាបាននូវស្ថិរភាពស្បៀង គឺជាកត្តាចាំបាច់បំផុត ហើយដែលវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគនៅកម្ពុជា។

មួយវិញទៀត វិនិយោគិនកូរ៉េ អាចពិចារណាវិនិយោគក្នុងការកែច្នៃកសិផលកម្ពុជា ធ្វើជាម្ហូបអាហារបែបកូរ៉េ និងវត្ថុអនុស្សាវរីយ៍បែបកូរ៉េ ដែលការណ៍នេះក៏នឹងជួយទាក់ទាញ ទេសចរកូរ៉េមកកម្ពុជាផងដែរ។ បន្ថែមលើនេះ លោកជា វុទ្ធីបានបន្តលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ពិចារណាបណ្តាក់ទុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-កូរ៉េ សម្រាប់ទាក់ទាញកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ។

ជាការឆ្លើយតប លោកJoo Bong Park បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានបញ្ជា​ក់ពីបំណង ក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។

លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ នឹងជួយបំភ្លឺនូវរាល់មន្ទិលសង្ស័យ និងព័ត៌មានមិនច្បាស់លាស់នានាដែលបានកើតឡើងកន្លងមក។ លើសពីនេះ លោកបានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួលដ៏ប្រសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធា​រណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនេះ សមាជិកគណៈប្រតិភូក៏បានលើកឡើងពីការកត់សម្គាល់ឃើញ នូវការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពជូនដល់វិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here