ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុនYAZAKI (Cambodia) Products Co., Ltd. គ្រោងពង្រីកផលិតកម្ម ដំឡើងរថយន្តនៅកម្ពុជាបន្ថែមទៀត នៅក្នុងខេត្តកោះកុង នាឆ្នាំ២០២៧ខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើង នៅក្នុងឱកាសលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនYAZAKI (Cambodia) Products Co., Ltd. ដឹកនាំដោយលោក YOSHIMOTO ITO នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម YAZAKI Corporation. ក្នុងគោលបំណងដើម្បីជម្រាបជូនអំពីវឌ្ឍនភាព អភិវឌ្ឍរបស់ក្រុមហ៊ុននៅខេត្តកោះកុង ក្នុងការផលិតខ្សែភ្លើង និងគ្រឿងបង្គុំសម្រាប់រថយន្ត និងគម្រោងពង្រីករោងចក្របន្ថែម ដែលគ្រោងនឹងចាប់ផ្ដើមផលិតកម្ម នៅចុងនៅឆ្នាំ២០២៧ខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងារនេះ លោកអគ្គលេខាធិការបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមហ៊ុន YAZAKI (Cambodia) Products Co., Ltd. តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុនបាននិងកំពុងបន្តវឌ្ឍនភាពជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

លោកជា វុទ្ធី បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងគម្រោងពង្រីកវិនិយោគបន្ថែម របស់ក្រុមហ៊ុនដែលនឹងអាចបង្តើតការងារជូនបងប្អូនយើងប្រមាណ១០០០នាក់ បន្ថែមការងារដែលមានស្រាប់ នៅខេត្តកោះកុងប្រមាណ២០០០នាក់ ដែលនេះបានសបញ្ជាក់អំពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជាស្ថិតក្នុងស្ថានភាពប្រឈមនានា នៅក្នុងពិភពលោក និងក្នុងតំបន់ក្តី។
ជាការឆ្លើយតប លោកYOSHIMOTO ITO បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសជូនចំពោះលោកអគ្គលេខាធិការ ក៏ដូចជាសហការី ដែលតែងតែគាំទ្រ ក្នុងរាល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀតនាពេលនេះ៕







