ដោយៈ រ៉ាណេត
ភ្នំពេញៈ បើនិយាយចំពោះការលក់អចលនទ្រព្យ មិនថាចំពោះតែលំនៅដ្ឋាន ឬជាដីធ្លីនោះទេ ទាំងម្ចាស់ទ្រព្យក៏ដូចជាភ្នាក់ងារលក់ គឺសុទ្ធតែចង់លក់ឆាប់ដាច់ និងទទួលបានតម្លៃថ្លៃ ប៉ុន្តែទាស់ត្រង់ថា តើគួរធ្វើយ៉ាងណាទើបជំរុញឱ្យការលក់នោះទទួលបានការចាប់អារម្មណ៍ពីអតិថិជន។
;ជាការចូលរួមចែករំលែកនូវបទពិសោធន៍ អ្នកជំនាញបានណែនាំនូវវិធីសាស្ត្រងាយៗ ដោយការយកប្រព័ន្ធអេឡិចត្រូនិកធ្វើជាឧបករណ៍ ដើម្បីជំនួយដល់ការលក់ ដូចខាងក្រោមនេះ។
-->
បង្ហោះរូបភាពអចលនទ្រព្យ
រូបភាពបង្ហោះត្រូវតែមានគុណភាព និងសោភ័ណភាព គឺមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញទឹកចិត្តអតិថិជន ព្រោះថារូបមួយសន្លឹកដែលស្រស់ស្អាត ដែលបង្ហាញពីទិដ្ឋភាពនៃអចលនទ្រព្យរបស់អ្នក ជាគន្លឹះដែលអាចទាក់ទាញកែវភ្នែករបស់អតិថិជនជាជំហានដំបូងឱ្យមានការចាប់អារម្មណ៍។ ;
បង្ហាញពីលក្ខណៈពិសេសនៃអចលនទ្រព្យ
អ្នកលក់អចលនទ្រព្យ អាចផ្តល់ព័ត៌មានលម្អិតឱ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន នៅពេលដែលអ្នកសរសេរគឺត្រូវតែបញ្ចេញនូវភាពល្អ និងជាលក្ខណៈពិសេសរបស់អចលនទ្រព្យដែលអាចជាក្ដីតម្រូវ ដោយការនឹកស្រមៃថាខ្លួនអ្នកជាអ្នកទិញ។ តើអ្នកនឹងចង់បានគុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ។
ការផ្តល់ព័ត៌មាន និងឆ្លើយតបសំណួរ
ការផ្សព្វផ្សាយបស់អ្នកនឹងមិនបានផលប្រយោជន៍អ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន។ ហេតុនេះហើយទើបអ្នកត្រូវតែធានាថា ព័ត៌មានលម្អិតសម្រាប់ផ្តល់ទៅកាន់អតិថិជន នឹងមិនត្រូវបានធ្វើឡើងដោយរអាក់រអួលនោះទេ។ ក្រៅពីការសរសេរសារឆ្លើយតបនៅលើបណ្តាញអេឡិចត្រូនិច ក៏ត្រូវតែមានលេខទូរស័ព្ទយ៉ាងហោចណាស់ពីរខ្សែ និងអាសយដ្ឋានអ៊ីមែល សម្រាប់ទាក់ទង។
ត្រូវធានាគុណភាពអចលនទ្រព្យរបស់អ្នកល្អបំផុត
តាមធម្មតាទេ ការលក់ផលិតផលអ្វីមួយ មិនត្រឹមតែទាមទារផលិតផលនោះមានគុណភាពនោះទេ តែក៏ត្រូវមានការផ្សព្វផ្សាយឱ្យបានល្អផងដែរ។ ហេតុនេះចំណងជើងអចលនទ្រព្យ ជាភាសាខ្មែរ និងអង់គ្លេសឬភាសាចិន អ្នកត្រូវតែធ្វើវាឱ្យបានល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ងាយយល់ នោះគេនឹងរកឃើញអចលនវត្ថុរបស់អ្នកមុនគេ។
ការដាក់តម្លៃអចលទ្រព្យរបស់អ្នក
ការដាក់តម្លៃទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត ព្រោះបើអចលនទ្រព្យរបស់អ្នកដាក់តម្លៃខ្ពស់ពេក អចលនទ្រព្យរបស់អ្នក នឹងមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។
ប្រសិនបើលក្ខខណ្ឌនៃការទិញ អាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឱ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។
ការឆ្លើយតបជាមួយនឹងការសាកសួររកទិញឱ្យបានសមស្រប
ការឆ្លើយតបលឿនគឺមានសារៈសំខាន់ណាស់ នៅពេលដែលអ្នកទទួលបានការចាប់អារម្មណ៍សាកសួរពីអតិថិជនរបស់អ្នក។ អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឱ្យបានលឿនបំផុត។ ប្រសិនបើអ្នកមានភាពយឺតយ៉ាវក្នុងការឆ្លើយតប នោះពួកគេអាចនឹងរកមើលវត្ថុថ្មីជំនួសជាមិនខាន។
ផ្សព្វផ្សាយការលក់អចលនទ្រព្យរបស់អ្នកនៅតាមបណ្តាញព័ត៌មាន
នៅពេលបច្ចុប្បន្ននេះ មានបណ្តាញសារព័ត៌មានជាច្រើន ដែលបានបង្កើតឡើងក្នុងគោលបំណងធ្វើជាភ្នាក់ងារអចនលទ្រព្យ ដើម្បីទទួលបានកម្រៃជើងសារ។ ដូច្នេះអ្នកគួរចំណាយធនធានបន្តិបន្តួច ទៅលើការផ្សព្វផ្សាយពីការគោលបំណង នៃការលក់អចនទ្រព្យរបស់ ដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕