ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមអ្នធុរកិច្ចជប៉ុន បានបង្ហាញពីបំណងពង្រីកការវិនិយោគ លើវិស័យមួយចំនួននៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាជំនួបពិភាក្សានេះ លោកអនុរដ្ឋលេខាធិការ បានទទួលស្តាប់របាយការណ៍វឌ្ឍនភាព និងគោលបំណងរបស់សមាគម ដែលមានបំណងពង្រឹង និងពង្រីកការវិនិយោគក្នុងប្រទេសកម្ពុជា រួមមាន៖ ការកែច្នៃកសិផលសូត្រសម្រាប់គ្រឿងសម្អាង ការកែច្នៃគ្រាប់ស្វាយចន្ទី កាកសំណល់សំបកស្វាយចន្ទី វារីវប្បកម្មត្រីទីឡាបព្យា និងការផលិតចំណីត្រី សំដៅពង្រឹងខ្សែច្រវាក់តម្លៃកសិផលកម្ពុជា ទៅកាន់ទីផ្សារជប៉ុន។
ជាការឆ្លើយតបលោកអនុរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះគោលបំណងបង្កើន ការវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោក បានផ្តល់នូវធាតុចូលសំខាន់ៗពាក់ព័ន្ធការវិនិយោគ ដំណោះស្រាយបញ្ហាប្រឈម ក៏ដូចជាច្បាប់ស្តីពីការវិនិយោគ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន វិនិយោគចំគោលដៅ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផលចំណេញសេដ្ឋកិច្ច បង្កើនតម្លៃបន្ថែមសម្រាប់កសិផលកម្ពុជា និងជាពិសេសការជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
លោកអនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងបានលើកទឹកចិត្តដល់សមាគម ក្នុងការទាក់ទាញកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ ជាពិសេសលើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្ដានុពល និងជាតម្រូវការទីផ្សារប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងទៀត ក្នុងប្រទេសកម្ពុជាថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម ឈានទៅរកការកែច្នៃកសិផលសក្តានុពលកម្ពុជា ជាមួយបច្ចេកវិទ្យាជប៉ុន និងកសាងភាពជាដៃគូយូរអង្វែង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕







