ដោយៈ ម៉ាលីនណា
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណ:ប្រតិភូក្រុមប្រឹក្សាទីក្រុងYokohama នៃប្រទេសជប៉ុន ដឹកនាំដោយលោក Takeshi Shibuya ប្រធានក្រុមប្រឹក្សាទីក្រុងYokohama។
ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូក្រុមប្រឹក្សាទីក្រុងYokohamaនៃប្រទេសជប៉ុន ក្នុងគោលបំណងដើម្បីស្វែងយល់អំពីលទ្ធផល នៃការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ (២០២២-២០២៥) និងគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី២ (២០២៥-២០២៨) ក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។
លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូ ក្រុមប្រឹក្សាទីក្រុងYokohama នៃប្រទេសជប៉ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ សម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ហើយក៏សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) លើការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី២ ក្នុងក្រុងសៀមរាប៕








