ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនចិន China Communication Construction Company (CCCC) បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
បំណងនេះ ត្រូវបានបង្ហាញឡើងដោយប្រធានក្រុមហ៊ុន លោក Song Hailiang នៅក្នុងជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្រុមហ៊ុនCCCC គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សាប្លង់រចនា និងការសាងសង់ស្មុគស្មាញ ជាអាទិ៍ ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើងល្បឿនលឿន។
លោកSong Hailiang បានជម្រាបសម្ដេចធិបតីពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងនៅកម្ពុជា និងលើសកលលោក។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា សម្រេចបានជោគជ័យ។
លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តថា ក្រុមហ៊ុនរបស់លោកនឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជា ឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។

តាមការបញ្ជាក់របស់លោក Song Hailiang ក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគ លើវិស័យមួយចំនួនបន្ថែមទៀត ដែលក្រុមហ៊ុនសម្លឹងឃើញនោះ គឺវិស័យថាមពលស្អាត ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem)ជាដើម។
លើកឡើងក្នុងជំនួបខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។
សម្ដេចធិបតីបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ហើយក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ។
ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកនូវកាលានុវត្តភាព ក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។
សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តយកចិត្តទុកដាក់អនុវត្តន៍គម្រោងដែលកំពុងមាន ឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕







