ដោយៈ គង់ សូរិយា
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តភ្ជាប់ទៅកាន់ទីក្រុងកោះរ៉ុង ដែលកាន់តែមានប្រជាប្រិយភាព ក្នុងចំណោមភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ព័ត៌មាននេះត្រូវបានលើកឡើង និងបង្ហាញឲ្យដឹងក្នុងឱកាសលោកម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃការតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ មកកាន់សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងថ្ងៃចុងសប្តាហ៍មុនដដែល លោកម៉ាង ស៊ីណេតបានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការអភិវឌ្ឍផ្លូវតភ្ជាប់ពីឆ្នេរ២៣ ដល់ឆ្នេរកោះរ៉ុងសន្លឹម ស្ថិតភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានចុះពិនិត្យអាងស្តុបទឹកស្អាត នៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុផងដែរ៕







