ឃ្លាំងជួលមួយកន្លែងនៅជាយក្រុងភ្នំពេញ។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ តើឃ្លាំងសំរាប់ជួលនៅក្នុងរាជធានីភ្នំពេញ មានការប្រែប្រួលដូចម្តេច? ខណៈកាលពីដើមឆ្នាំ ២០១៩ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចចេញសេចក្ដីប្រកាសជាផ្លូវការណ៍ដោយតម្រូវឱ្យបណ្តារោងចក្រ សហគ្រាស និងឃ្លាំងទាំងឡាយត្រូវជំរុញទៅកាន់តំបន់ជាយក្រុង។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន Lucky Realty Co., Ltd បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២០ ខែឧសភានេះថា បច្ចុប្បន្ននេះដំណើរការ និងសកម្មភាពទីផ្សារឃ្លាំងជួល នៅក្នុងក្រុងហាក់មិនទាន់មានអ្វីប្រែប្រួលខ្លាំងនោះទេដោយសារតែភាគច្រើនឃ្លាំងទាំងនោះ នៅជាប់កិច្ចសន្យាដែលបន្សលទុកពីឆ្នាំចាស់នៅឡើយ។
-->
លោកបានបញ្ជាក់ថា “ឃ្លាំងមួយចំនួនតូចដែលបានបញ្ចប់កុងត្រា ជាមួយអ្នកវិនិយោគនានាបានរើចេញ ទៅតាំងនៅតាមតំបន់ជាយក្រុងជាបណ្តើរហើយ ប៉ុន្តែភាគច្រើននៅមិនទាន់មានការរុះរើនោះទេ”។ លោកបានបន្តទៀតថា “ឥឡូវនេះ មានអ្នកវិនិយោគមួយចំនួនបានបញ្ឈប់ការជួលឃ្លាំង ហើយងាកទៅសង់ឃ្លាំងខ្លួនឯង ប៉ុន្តែចំពោះករណីនេះមានតិចតួចតែ ប៉ុណ្ណោះ”។
ទីផ្សារឃ្លាំងជួលគឺនៅតែមានតម្រូវខ្ពស់ដដែល ហើយតម្លៃនៃការជួលក៏នៅតែរក្សាដដែល ដោយមួយម៉ែត្រការ៉េអាចមាន តម្លៃចាប់ពីជាង១ដុល្លារឬជាង២ដុល្លារ ដែលវាអាស្រ័យទៅតាមប្រភេទឃ្លាំងមានស្ដង់ដា ឬមិនមានស្ដង់ដា ក៏ដូចជាទំហំ និងទីតាំងផងដែរ។
អគ្គនាយកក្រុមហ៊ុន Camtop Property Group លោក ខាត់ សុវណ្ណ ធ្លាប់បានលើកឡើងថា ការវិនិយោគលើឃ្លាំងសម្រាប់ជួល ជាការវិនិយោគលើផ្នែកអចលនទ្រព្យផងដែរ ប៉ុន្តែហាក់មិនសូវមានការពេញនិយមច្រើននោះទេ ខណៈតម្រូវការលើឃ្លាំងសម្រាប់ជួលកើនឡើងជាប្រចាំ និងអាចរកប្រាក់ចំណេញបានច្រើន បើធៀបនឹងការវិនិយោគលើវិស័យអចលនវត្ថុផ្សេងៗទៀត។
លោកបន្តថា “ការវិនិយោគលើឃ្លាំងសម្រាប់ជួល ប្រសិនជាឃ្លាំងមិនមានស្តង់ដា អាចជួលបានចន្លោះពី១,២ ទៅ ២ដុល្លារ ប៉ុន្តែឃ្លាំងមានស្តង់ដាអាចជួលបានចន្លោះពី ២ ទៅ ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកបន្តថា ការវិនិយោគលើឃ្លាំងជួល អ្នកវិនិយោគអាចទទួលបានចំណូល ២ផ្នែកផ្សេងៗគ្នា គឺបានចំណេញពីការជួលឃ្លាំង និងចំណេញពីការឡើងថ្លៃតម្លៃដី។ ឃ្លាំងមិនមានស្តង់ដាសំដៅដល់ឃ្លាំង ដែលសាងសង់តែរោងមិនមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ ចំណែកឃ្លាំងមានស្តង់ដា ជាឃ្លាំងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដូចជា ទឹក ភ្លើង ផ្លូវ បន្ទប់ការិយាល័យ និងប្រព័ន្ធខ្សល់ត្រឹមត្រូវ៕
លោក ខាត់ សុវណ្ណ បានបន្តថា ៖ «អ្នកវិនិយោគឃ្លាំងក៏ត្រូវមើលលើចំណុចអាទិភាពចំនួន៣ផងដែរ ដើម្បីឱ្យការសាង សង់ឃ្លាំងរបស់ខ្លួនទទួលបានអតិថិជនឆាប់រហ័ស ដូចជា ទី១ ត្រូវគិតពីច្រកចេញចូលឃ្លាំងភ្ជាប់មកផ្លូវឱ្យមានភាពងាយស្រួល ទី២ ត្រូវគិតពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ភ្លើង ហើយទី៣ ត្រូវគិតអំពីកត្តាប្រជាសាស្រ្តថា មានប្រជាជនរស់នៅជុំវិញតំបន់នោះ ឬអត់ ព្រោះប្រសិនជាអ្នកវិនិយោគចង់បើករោងចក្រ តែមិនមានកំលាំងពលកម្មច្រើន ក៏ពួកគេអាចមិនសម្រេចចិត្តជួលឃ្លាំងនៅតំបន់នោះផងដែរ»៕