ដោយៈ ចំណាន
ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម”ច” “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាសូ ងួន អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ច” ផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ច” ផ្នែកឯកជន, លេខាធិការសម្របសម្រួលក្រុមការងារ “ច” ផ្នែកឯកជន, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមដឹកជញ្ជូនអ្នកដំណើរ និងភស្តុភារកម្ពុជា, តំណាងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា(CAMTA) តំណាងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា(CCAI) តំណាងសហព័ន្ធឧស្សាហកម្មយាន្តយន្តកម្ពុជា(CAIF) ក្រុមហ៊ុន Trans Star Freight Pte.,Ltd, ក្រុមហ៊ុន វារិបថឡូជីស្ទីក ឯ.ក តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារ “ច” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសាធារណការ និងដឹកជញ្ជូននាពេលខាងមុខនេះ។
កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាកិច្ចប្រជុំលើកដំបូងសម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០២៦ នេះផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមចាស់របស់ផ្នែកឯកជនដើម្បីស្នើសុំវឌ្ឍនភាព រួមនិងបញ្ហាប្រឈមថ្មីមួយចំនួនទៀតរួមមាន៖ ១.បញ្ហាការកំណត់ទម្ងន់ផ្ទុកសម្រាប់រថយន្តដឹកទំនិញប្រភេទកុងតឺន័រ ២. នីតិវិធីក្នុងការដោះស្រាយបញ្ហា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ៣. បញ្ហាកកស្ទះរថយន្តដឹកទំនិញនៅច្រកព្រំដែនបាវិត។ ៤. បញ្ហាបណ្តុះបណ្តាលជំនាញ និងរយៈពេលប្រលងយកបណ្ណបើកបរ សម្រាប់អ្នកបើកបររថយន្តដឹកទំនិញធន់ធ្ងន់ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕







