ដោយៈ រ៉ាណេត
ភ្នំពេញៈ យ៉ាងហោចណាស់ផ្សារទំនើបសរុបចំនួន៩ទៀត នឹងចូលខ្លួនមកបង្ហាញវត្តមានស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ នៅត្រឹមចុងឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។
ផ្អែកតាមការបង្ហើបប្រាប់ឱ្យដឹងពីសំណាក់អ្នកជំនាញស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia កញ្ញាគឹម គិនកេសា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២១ ឧសភាកន្លងមកថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០១៩ខាងមុខ ផ្សារទំនើបតូច ធំសរុបចំនួន៩ទៀត នឹងបញ្ចប់ការសាងសង់ ដាក់ឱ្យដំណើរការ។
-->
ផ្សារទំនើប ដែលខ្លះស្ថិតក្នុងអាគារកម្មចម្រុះ ត្រូវបានបែងចែកជា៣ប្រភេទផ្សេងគ្នា ដែលក្នុងនោះរួមមាន ប្រភេទ Shopping Mall ( The Olympia Mall) មានទំហំសរុបចំនួន ៥២,២៣២ ម៉ែត្រការ៉េ , ប្រភេទ Retail Podium (Gold Tower 42, The Bridge) មានទំហំសរុបចំនួន៣២,៨៩៥ ម៉ែត្រការ៉េ និងប្រភេទ Community Mall (Midtown Mall, Downtown 93, Chip Mong’s Noro Mall, WB Arena, The Point, និង The Commune )មានទំហំសរុបចំនួន៥៨,៩៨០ ម៉ែត្រការ៉េ »។
កញ្ញាបានបន្តទៀតថា “ឆ្នាំ២០១៩នេះទំហំនៃផ្ទៃក្រឡា សម្រាប់ដាក់លក់រាយនៅក្នុងបណ្តាផ្សារទំនើបនៅកម្ពុជា មានកំនើនរហូតដល់ចំនួន៣៤៨,០០០ ម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំ២០១៨ផ្ទៃក្រឡាសម្រាប់ទីតាំង លក់រាយមានចំនួនត្រឹមតែ ២៨២,០០០ ម៉ែត្រការ៉េតែប៉ុណ្ណោះ”។
ជាមួយនឹងកំណើននៃចំនួនផ្សារទំនើបទាំងនេះ ប្រធានសមាគមអ្នកជំនាញអលចនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍បង្ហាញពីការសាទរ ដោយលោកបានលើកឡើងថា វត្តមាននៃកំណើនផ្សារទំនើបទាំងអស់នេះ នឹងចូលរួមចំណែកយ៉ាងធំក្នុងការជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ។លោកបន្តថានៅពេលមានផ្សារទំនើបកាន់តែច្រើន ទីក្រុងកាន់តែរីកធំ ហើយអាជីវករ ឬពាណិជ្ជករ ដែលធ្លាប់តែប្រកបតាមបែបប្រពៃណីនោះ នឹងងាកចូលទៅប្រកបរបរនៅក្នុងផ្សារទំនើបវិញ។
លោកបានបញ្ជាក់ទៀតថា “បើទោះជាផ្សារទំនើបទាំង៩ នឹងចូលខ្លួននៅត្រឹមចុងឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែវានៅមិនទាន់ច្រើនលើសតម្រូវការនៅឡើយនោះទេ ដែលវាទាមទារឱ្យមានបណ្តាអ្នកវិនិយោគ ចូលមកបង្កើតផ្សារទំនើបដូចនេះបន្ថែមទៀត ដើម្បីឱ្យសមស្របទៅតាមតម្រូវការនៃការបញ្ជាទិញជាក់ស្ដែង”៕