ផ្សារ​ទំនើប​ក្នុង​ស្រុក​ និង​អន្តរជាតិ​ចំនួន៩​ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០១៩នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ យ៉ាងហោចណាស់​ផ្សារ​ទំនើប​សរុប​ចំនួន៩ទៀត​ នឹង​ចូលខ្លួន​មក​បង្ហាញ​វត្តមាន​ស្វាគមន៍​អតិថិជន​ជាតិ​ និង​អន្តរជាតិ​ នៅ​ត្រឹម​ចុងឆ្នាំ២០១៩ឆាប់​ៗខាងមុខនេះ​។

ផ្អែក​តាម​ការ​បង្ហើប​ប្រាប់​ឱ្យ​ដឹងពី​សំណាក់​អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE​ Cambodia​ កញ្ញា​គឹម​ គិ​នកេ​សា​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២១​ ឧសភា​កន្លងមក​ថា​ យ៉ាង​យូរ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ខាងមុខ​ ផ្សារ​ទំនើប​តូច​ ធំ​សរុប​ចំនួន៩ទៀត​ នឹង​បញ្ចប់​ការសាងសង់​ ដាក់​ឱ្យ​ដំណើរការ​។

ផ្សារ​ទំនើប​ ដែល​ខ្លះ​ស្ថិត​ក្នុង​អាគារ​កម្ម​ចម្រុះ​ ត្រូវ​បាន​បែងចែក​ជា៣ប្រភេទ​ផ្សេងគ្នា​ ដែល​ក្នុង​នោះ​រួមមាន​ ប្រភេទ​ Shopping​ Mall​ ( The​ Olympia​ Mall​) មាន​ទំហំ​សរុប​ចំនួន​ ៥២​,២៣២​ ម៉ែត្រការ៉េ​ , ប្រភេទ​ Retail​ Podium​ (Gold​ Tower​ 42​, The​ Bridge​) មាន​ទំហំ​សរុប​ចំនួន៣២​,៨៩៥​ ម៉ែត្រការ៉េ​ និង​ប្រភេទ​ Community​ Mall​ (Midtown​ Mall​, Downtown​ 93​, Chip​ Mong​’s Noro​ Mall​, WB​ Arena​, The​ Point​, និង​ The​ Commune​ )មាន​ទំហំ​សរុប​ចំនួន៥៨​,៩៨០​ ម៉ែត្រការ៉េ​ »។

កញ្ញា​បាន​បន្ត​ទៀត​ថា​ “ឆ្នាំ២០១៩នេះ​ទំហំ​នៃ​ផ្ទៃក្រឡា​ សម្រាប់​ដាក់​លក់រាយ​នៅក្នុង​បណ្តា​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មា​នកំនើ​នរ​ហូត​ដល់​ចំនួន៣៤៨​,០០០​ ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨ផ្ទៃក្រឡា​សម្រាប់​ទីតាំង​ លក់រាយ​មាន​ចំនួន​ត្រឹមតែ​ ២៨២​,០០០​ ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​”។

ជាមួយនឹង​កំណើន​នៃ​ចំនួន​ផ្សារ​ទំនើប​ទាំងនេះ​ ប្រធាន​សមាគម​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​សាទរ​ ដោយ​លោក​បាន​លើកឡើង​ថា​ វត្តមាន​នៃ​កំណើន​ផ្សារ​ទំនើប​ទាំងអស់​នេះ​ នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​។លោក​បន្ត​ថា​នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​រីក​ធំ​ ហើយ​អាជីវករ​ ឬពាណិជ្ជករ​ ដែល​ធ្លាប់តែ​ប្រកបតាម​បែប​ប្រពៃណី​នោះ​ នឹង​ងាក​ចូល​ទៅ​ប្រកបរបរ​នៅក្នុង​ផ្សារ​ទំនើប​វិញ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “បើ​ទោះជា​ផ្សារ​ទំនើប​ទាំង៩​ នឹង​ចូលខ្លួន​នៅ​ត្រឹម​ចុងឆ្នាំ២០១៩ខាងមុខនេះ​ ប៉ុន្តែ​វា​នៅ​មិនទាន់​ច្រើនលើស​តម្រូវការ​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បណ្តា​អ្នក​វិនិយោគ​ ចូល​មក​បង្កើត​ផ្សារ​ទំនើប​ដូចនេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​នៃ​ការ​បញ្ជាទិញ​ជាក់ស្ដែង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here