អាគារខុនដូ និងអគារមជ្ឍមណ្ឌលខ្ពស់ៗនៅតំបន់ទួលគោក។ រូបថត៖ ម៉ៃ វីរៈ
ដោយ វុត្ថា
ភ្នំពញៈ តំបន់ទួលគោកបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBC) ខណៈពីមុនតំបន់នេះត្រឹមតែជាតំបន់លំនៅដ្ឋានប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នអាគារពាណិជ្ជកម្ម និងខុនដូខ្ពស់ៗកំពុងរត់ប្រជែងគ្នា និងកើនកំពស់ជារៀងរាល់ថ្ងៃ។
អាគារខុនដូ និងអគារមជ្ឍមណ្ឌលខ្ពស់ៗនៅតំបន់ទួលគោក។ រូបថត៖ ម៉ៃ វីរៈ
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់ទីផ្សារខុនដូនៅក្នុងតំបន់ទួលគោក កំពុងតែចាប់ផ្តើមតែមិនទាន់ជាផុលផុស ដូចតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរ មិនទាន់ពេញពេញនិយមចំពោះការរស់នៅក្នុងខុនដូ តែក្នុងរយៈពេលប្រហែលជា៥ ទៅ៧ ឆ្នាំទៀត ប្រជាពលរដ្ឋខ្មែរនឹងងាកមករស់នៅក្នុងខុនដូ ហើយទីផ្សារនៅក្នុងតំបន់នេះ នឹងមានការកើនឡើងខ្លាំង។
-->
លោកបន្តថា “បច្ចុប្បន្ន មានគំរោងខុនដូប្រមាណ២០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនកំពុងសាងសង់នៅតំបន់នេះ ហើយតម្លៃខុនដូបើគិតជាម៉ែត្រការ៉េ គឺមានតម្លៃចន្លោះពី១៨០០ដល់៣០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
អ្នកនាងអាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodiaបានឲ្យដឹងផងដែរថា តំបន់ទួលគោក ជាតំបន់មានសក្តានុពល និងរីកចម្រើនខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយនៅមិនឆ្ងាយពីកណ្តាលភ្នំពេញនោះទេ មានទាំងហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីក៏នៅមានតម្លៃសមរម្យ និងជាកន្លែងចាប់អារម្មណ៍របស់អ្នកវិនិយោគនានាទៀតផង។
អ្នកនាងបន្តថា “តំបន់នេះ ព្រោះវាមានសក្តានុពលអភវិឌ្ឍន៍លើវិស័យខុនដូ ហើយមិនយូមិនឆាប់តំបន់នេះ និងរីកដុះដាលខ្លាំងលើវិស័យនេះ ដែលអាចប្រកួតប្រជែងជាមួយតំបន់ផ្សេងទៀតបាន”។
កាលពីដើម ខែឧសភានេះ ក្រុមហ៊ុនខ្នាតធំក្នុងស្រុកRoyal Group បានបុកគ្រឹះសាងសង់គម្រោងអភិវឌ្ឍន៍ចម្រុះ ដ៏សំខាន់នៅក្នុងតំបន់ទួលគោក ជាមួយនឹងដៃគូសហការអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ គម្រោងខ្នាតធំរបស់ក្រុមហ៊ុន Royal Group នេះ មានឈ្មោះថា Royal Platinum ជាមួយនឹងទំហំផ្ទៃក្រឡាអាគារ១០០.០០០ ម៉ែត្រការ៉េ។ គម្រោងអភិវឌ្ឍន៍នេះ មានប្រភេទផ្ទះ អាផាតមិន ចំនួន ៨៥១ខ្នង និងផ្ទះដែលអាចធ្វើពាណិជ្ជកម្មបានចំនួន៥០ខ្នង។
លោក Mark Hanna នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Group បាននិយាយថា ការអភិវឌ្ឍនេះនៅក្នុងតំបន់ទួលគោកនេះមានសារៈសំខាន់ ប្រកបដោយ ភាពរីកចម្រើនក្នុងតំបន់ទួលគោក ដែលជាតំបន់ដ៏សម្បូរបែបមួយ នៅចំណុចកណ្តាល ទីក្រុង។
ក្រៅពីគម្រោងខាងលើ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មចម្រុះ លំដាប់អន្តរជាតិកម្ពស់៤៥ជាន់ នៅក្នុងតំបន់ទួលគោក ជាប់ទៅនឹងស្ពានអាកាសតិចណូផងដែរ។
ក្រុមហ៊ុន HoHsin Gevelopment Co.,Ltd បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងចាប់អារម្មណ៍ ងាកមកសាងសងគម្រោងអគារខុនដូទី២ក្នុងតំបន់ទួលគោក ក្រោយមើលឃើញពីសក្ដានុពលក្នុងទីតាំងនេះ បន្ទាប់ពីទទួលបានជោគជ័យលើការអភិវឌ្ឍគម្រោងខុនដូ គម្រោងThe View 2 នៅបឹងកេងកងរួចមក។
អាគារខុនដូ និងអគារមជ្ឍមណ្ឌលខ្ពស់ៗនៅតំបន់ទួលគោក។ រូបថត៖ ម៉ៃ វីរៈ
ក្រុមហ៊ុនេះគ្រោងបោះទុនរាប់លាន ដុល្លារវិនិយោគលើគម្រោងខុនដូ The View2 ក្នុងតំបន់ទួលគោកនេះ ដោយសារតែក្រុមហ៊ុនបានសិក្សាឃើញថា តំបន់នេះ នឹងក្លាយជាទីតាំងសក្ដានុពលថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ខណៈគម្រោងវិនិយោគធំៗមួយចំនួន បាននិងកំពុងពង្រីកខ្លួនមកក្នុងតំបន់នេះ៕