អ្នកជំនាញ​មក​ពី​ប្រទេស​ចិន​កំពុង​ពង្រាង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​មក​ពី​វិទ្យាស្ថាន​ផ្នែក​គំរូ​ប្លង់​ និង​នគរ​រូប​នី​យក​ម្ម​ នៃ​ទីក្រុង​ Shenzhen​ បាន​ចូលរួម​លើ​ពង្រាង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​រាជ​ រដ្ឋាភិបាល​ចាត់​ចូល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ក្រ​សួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ចេញ​កាលពី​ព្រឹក​នេះ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ លោក​ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ជាមួយ​ប្រតិភូ​វិទ្យាស្ថាន​គំរូ​ប្លង់​ និង​នគរ​រូប​នី​យក​ម្ម​ នៃ​ទីក្រុង​ Shenzhen​ ប្រទេស​ចិន​ ដឹកនាំ​ដោយ​លោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ Sima​ )កាលពី​ថ្ងៃទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩​ ដៃគូ​សន្ទនា​ បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ ទៅលើ​ពង្រាង​ប្លង់​មេ​ ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​មក​ពី​វិទ្យាស្ថាន​ផ្នែក​គំរូ​ប្លង់​ និង​នគរ​រូប​នី​យក​ម្ម​ នៃ​ទីក្រុង​ Shenzhen​ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​រាជរដ្ឋាភិបាល​ចាត់​ចូល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​។

លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​បាន​ថ្លែង​ថា​ “គំរូ​ប្លង់​មេ​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ផ្នែក​នគរ​រូប​នី​យក​ម្ម​ នៃ​ទីក្រុង​Shenzhen​ នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ​ ឲ្យ​មាន​លក្ខណៈ​ស៊ីវិល័យ​ ការពារ​បាន​នូវ​កំរិត​បរិស្ថាន​ខ្ពស់​ និង​ជាទី​តាំង​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ និង​តំបន់ឧស្សាហកម្ម​ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤យើង​នេះ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “នៅ​ ពេល​ដែល​ពង្រាង​ប្លង់​មេនេះ​ លេចចេញ​ជារូបរាង​ហើយ​ យើង​នឹង​យក​មក​ដាក់​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ មុននឹង​ដាក់​ឆ្លង​ទៅ​គណៈរដ្ឋ​មន្ត្រី​សម្រេច​”។

លោក​ ស៊ាវ​ ស៊ី​ម៉ា​ បាន​បញ្ជាក់​ថា​ ក្រុមការងារ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​របស់​លោក​ បាន​មក​សិក្សា​លើក​ទី១​ កាលពី​ខែ​ មីនា​ កន្លងទៅ​ ដោយ​បានឃើញ​នូវ​ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​របស់​កម្ពុជា​ គួរ​ជាទី​ចាប់អារម្មណ៍​សម្រាប់​ការ​វិនិយោគ​ និង​បង្កើត​សួន​ឧស្សាហកម្ម​។

លោក​បាន​បន្ថែម​ថា​ “វិទ្យាស្ថាន​របស់​លោក​ នឹង​យក​បទ​ពិសោធ​ជោគជ័យ​ និង​ដំណោះ​ស្រាយ​ឈ្នះ​ៗ ដែល​ធ្លាប់​បាន​អភិវឌ្ឍន៍​នៅ​ទីក្រុង ​Shenzhen​ មក​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ដោយធ្វើ​យ៉ាងណា​ឲ្យ​ស្រប​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ពីឆ្នាំ​ ២០១៥​ ដល់​ឆ្នាំ២០២៥​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here