ដោយ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen បានចូលរួមលើពង្រាងប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលត្រូវរាជ រដ្ឋាភិបាលចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ នេះបើតាមការចេញផ្សាយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មចេញកាលពីព្រឹកនេះ។
ក្នុងជំនួបពិភាក្សាការងាររវាង លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen ប្រទេសចិន ដឹកនាំដោយលោក ស៊ាវ ស៊ីម៉ា (Xiao Sima )កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ ទៅលើពង្រាងប្លង់មេ ដែលធ្វើឡើងដោយអ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
-->
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានថ្លែងថា “គំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគររូបនីយកម្ម នៃទីក្រុងShenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ឲ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកំរិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤យើងនេះ”។
លោកបានបញ្ជាក់ទៀតថា “នៅ ពេលដែលពង្រាងប្លង់មេនេះ លេចចេញជារូបរាងហើយ យើងនឹងយកមកដាក់ការពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច”។
លោក ស៊ាវ ស៊ីម៉ា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានរបស់លោក បានមកសិក្សាលើកទី១ កាលពីខែ មីនា កន្លងទៅ ដោយបានឃើញនូវភាពរីកចម្រើន និងសក្តានុពលរបស់កម្ពុជា គួរជាទីចាប់អារម្មណ៍សម្រាប់ការវិនិយោគ និងបង្កើតសួនឧស្សាហកម្ម។

លោកបានបន្ថែមថា “វិទ្យាស្ថានរបស់លោក នឹងយកបទពិសោធជោគជ័យ និងដំណោះស្រាយឈ្នះៗ ដែលធ្លាប់បានអភិវឌ្ឍន៍នៅទីក្រុង Shenzhen មកអភិវឌ្ឍន៍នៅកម្ពុជា ដោយធ្វើយ៉ាងណាឲ្យស្របនិងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៥”៕