ថ្នាក់ដឹកនាំ​ CREA​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឆែក​លើ​ប្លង់​កម្ម​សិទ្ធ​ឲ្យបាន​ច្បាស់លាស់​មុន​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​

0
ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​។ រូបថត៖ សហការី

ដោយ​ គង់​ សូ​រិយា

ភ្នំ​ពេញៈ​ ថ្នាក់ដឹកនាំ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ក្នុង​ការ​ឆែក​ប្លង់​កម្ម​សិទ្ឋ​ពាក់​ព័ន្ឋនឹង​ផ្លូវច្បាប់​ មុន​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ណាមួយ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២២​ ឧសភា​នេះ​ថា​ បញ្ហា​ខ្លះ​ៗបាន​កើតមាន​ក្នុង​វិស័យ​អចលនទ្រព្យ​ ពិសេស​ទាក់ទង​នឹង​ការទិញ​លក់​ ហេតុនេះ​ប្រជាពលរដ្ឋ​គួរតែ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ទៅលើ​ទិដ្ឋភាព​ច្បាប់​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​ ជា​គំរោង​ស្របច្បាប់​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​មិន​គួរ​ទិញ​អចលនទ្រព្យ​ ដែល​គ្មាន​ប្លង់​ច្បាស់លាស់​នោះ​ទេ​ ហេតុនេះ​ពួកគេ​ត្រូវតែ​សិក្សា​ជាមួយ​អ្នកជំនាញ​ និង​ស្វែងរក​អ្នកជំនាញ​ពិភាក្សា​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការទិញ​លក់​របស់​ពួកគេ​”។ លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ ខ្ញុំ​អំពាវនាវ​ឲ្យ​អ្នក​អភិវឌ្ឍន៍​នានា​ គួរតែ​ស្វែងរក​ច្បាប់​ ដើម្បី​ជួយ​ធ្វើឲ្យ​វិស័យ​នេះ​មានការ​អភិវឌ្ឍ​ដោយ​លំនឹង​ និង​មាន​និរន្តរភាព​ ជាជាង​គិត​ពី​ផល​ចំណេញ​រយៈពេល​ខ្លី​ ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នករងគ្រោះ​”។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ជាមួយគ្នា​នេះ​មន្ត្រី​ សមត្ថកិច្ច​ពាក់​ព័ន្ធគួរតែ​ជួយ​ពន្លឿន​ក្នុង​ការងារ​របស់​ខ្លួន​ ជា​ជាងយក​ទៅ​ទុកចោល​ ពន្យា​ពេល​ក្នុង​ការ​ផ្តល់​និ​តិ​វិធី​ផ្លូវច្បាប់​ ព្រោះ​ការ​ធ្វើបែប​នេះ​វា​មិនបាន​ជួយ​ដល់​វិស័យ​នេះ​ទេ​ ប៉ុន្តែ​វា​ជា​ការរារាំង​ ក៏ដូចជា​ធ្វើឲ្យ​វិស័យ​នេះ​មានការ​អភិវឌ្ឍ​យឺតយ៉ាវ​។

លោក​បន្ត​ថា​ “ការ​ពន្លឿន​និ​តិ​វិធី​ផ្លូវច្បាប់​ ការ​ចេញ​ប្លង់​កម្ម​សិទ្ឋ​ជូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​វិនិយោគ​បាន​លឿន​ វា​ជា​រឿង​ល្អ​ប្រសើរ​ ដើម្បី​ធ្វើឲ្យ​បរិយាកាស​វិនិយោគ​ ក៏ដូចជា​ជំរុញ​ឲ្យ​វិស័យ​នេះ​មានការ​អភិវឌ្ឍ​ ដែល​ជា​ការ​ផ្តល់​ផលប្រយោជន៍​រួម​ដល់​ប្រជាជន​ និង​ប្រទេសជាតិ​ទាំងអស់គ្នា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here