ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋី។ រូបថត៖ សហការី
ដោយ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងការឆែកប្លង់កម្មសិទ្ឋពាក់ព័ន្ឋនឹងផ្លូវច្បាប់ មុនសម្រេចចិត្តទិញអចលនទ្រព្យណាមួយ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ ឧសភានេះថា បញ្ហាខ្លះៗបានកើតមានក្នុងវិស័យអចលនទ្រព្យ ពិសេសទាក់ទងនឹងការទិញលក់ ហេតុនេះប្រជាពលរដ្ឋគួរតែសិក្សាឲ្យបានច្បាស់លាស់ទៅលើទិដ្ឋភាពច្បាប់ ដើម្បីធ្វើឲ្យប្រាកដថាអចលនទ្រព្យដែលខ្លួនបានទិញ ជាគំរោងស្របច្បាប់។
-->
លោកបន្តថា “ប្រជាពលរដ្ឋមិនគួរទិញអចលនទ្រព្យ ដែលគ្មានប្លង់ច្បាស់លាស់នោះទេ ហេតុនេះពួកគេត្រូវតែសិក្សាជាមួយអ្នកជំនាញ និងស្វែងរកអ្នកជំនាញពិភាក្សា ដើម្បីកាត់បន្ថយហានិភ័យក្នុងការទិញលក់របស់ពួកគេ”។ លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំអំពាវនាវឲ្យអ្នកអភិវឌ្ឍន៍នានា គួរតែស្វែងរកច្បាប់ ដើម្បីជួយធ្វើឲ្យវិស័យនេះមានការអភិវឌ្ឍដោយលំនឹង និងមាននិរន្តរភាព ជាជាងគិតពីផលចំណេញរយៈពេលខ្លី ហើយធ្វើឲ្យប្រជាពលរដ្ឋជាអ្នករងគ្រោះ”។
លោកឃាង ពុទ្ឋីបានបន្តឲ្យដឹងទៀតថា ជាមួយគ្នានេះមន្ត្រី សមត្ថកិច្ចពាក់ព័ន្ធគួរតែជួយពន្លឿនក្នុងការងាររបស់ខ្លួន ជាជាងយកទៅទុកចោល ពន្យាពេលក្នុងការផ្តល់និតិវិធីផ្លូវច្បាប់ ព្រោះការធ្វើបែបនេះវាមិនបានជួយដល់វិស័យនេះទេ ប៉ុន្តែវាជាការរារាំង ក៏ដូចជាធ្វើឲ្យវិស័យនេះមានការអភិវឌ្ឍយឺតយ៉ាវ។
លោកបន្តថា “ការពន្លឿននិតិវិធីផ្លូវច្បាប់ ការចេញប្លង់កម្មសិទ្ឋជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគបានលឿន វាជារឿងល្អប្រសើរ ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគ ក៏ដូចជាជំរុញឲ្យវិស័យនេះមានការអភិវឌ្ឍ ដែលជាការផ្តល់ផលប្រយោជន៍រួមដល់ប្រជាជន និងប្រទេសជាតិទាំងអស់គ្នា”៕