ដោយៈ ម៉ាណា
ជប៉ុនៈ ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី លោកបានបង្ហាញនូវសុច្ឆន្ទៈ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្នុងការផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពល ទីផ្សាររបស់កម្ពុជា សំដៅឈានទៅកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមគ្នារវាងប្រទេសទាំងពីរ តាមរយៈវិស័យឯកជននាពេលអនាគត។
ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន (Keidanren) និងជាប្រធានក្រុមហ៊ុន MS&AD Insurance Group Holding. លោក Noriyuki Hara បានថ្លែងបែបនេះ ក្នុងឱកាសលោកអនុញ្ញាត្តឲ្យលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅកាន់ទីស្នាក់ការកណ្តាល របស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren)។
ជំនួបពិភាក្សាការងារនាឱកាសនេះ គឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងជំនឿទុកចិត្ត និងរឹតបន្តឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហគមន៍ធុរកិច្ចលំដាប់កំពូលរបស់ជប៉ុន។
ផ្លែផ្កានៃកិច្ចពិភាក្សានេះ មិនត្រឹមតែជាកាលានុវត្តភាពក្នុងការទាក់ទាញរលកទុនវិនិយោគ លើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានឆ្ពោះទៅមុខ ប្រកបដោយភាពរឹងមាំ ក្នុងការជំរុញឱ្យទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន កាន់តែរីកលូតលាស់និងកាន់តែខ្លាំងក្លា៕
នៅក្នុងជំនួបនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទី ដ៏មានឥទ្ធិពលរបស់សហព័ន្ធ Keidanren ដែលជាតំណាងឱ្យសំឡេងនៃវិស័យឯកជន និងបណ្តុំក្រុមហ៊ុនសាជីវកម្មធំៗរបស់ជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហព័ន្ធមេត្តាបន្តដើរតួនាទីជាកាតាលីករ ក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងផ្សារភ្ជាប់រលកវិនិយោគពីជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជា វិស័យឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។
លោកស៊ុន ចាន់ថុល ក៏បានយកឱកាសនេះ ធ្វើការជម្រាបបន្ថែមអំពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ទីតាំងភូមិសាស្រ្តដែលអំណោយផល, កម្លាំងពលកម្មវ័យក្មេងដ៏មានសក្តានុពល ច្បាប់ស្តីពីការវិនិយោគ ដែលមានលក្ខណៈបើកចំហ ផ្តល់ការលើកទឹកចិត្តខ្ពស់ និងមានភាពបត់បែន ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សំដៅកាត់បន្ថយការចំណាយដឹកជញ្ជូន និងលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការដាក់ចេញនូវវិធានការយ៉ាងមុតស្រួចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់ការឆបោកតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកប្រធាន និងក្រុមហ៊ុន ដែលជាសមាជិកនៃសហព័ន្ធធុរកិច្ចជប៉ុន មកទស្សនកិច្ចសិក្សា ពីកាលានុវត្តភាពវិនិយោគ នៅប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ៕







