ប្រធានគណកម្មាធិការអាស៊ី​ អូសេអានី​បង្ហាញ​នូវ​សុច្ឆន្ទៈ ​ក្នុង​ការ​បន្ត​កិច្ចសហការ​ផ្សព្វ​ផ្សាយ​និង​ស្វែង​យល់​ពី​សក្តានុពល​វិនិយោគ​កម្ពុជា

ចែករំលែក

ដោយៈ ម៉ាណា

    ជប៉ុនៈ ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី លោកបានបង្ហាញនូវសុច្ឆន្ទៈ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. ក្នុងការផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពល ទីផ្សាររបស់កម្ពុជា សំដៅឈានទៅកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមគ្នារវាងប្រទេ​សទាំងពីរ តាមរយៈវិស័យឯកជននាពេលអនាគត។

ប្រធានគណៈកម្មាធិការអាស៊ី និងអូសេអានី នៃសហព័ន្ធធុរកិច្ចជប៉ុន (Keidanren) និងជាប្រធានក្រុមហ៊ុន MS&AD Insurance Group Holding. លោក Noriyuki Hara បានថ្លែងបែបនេះ ក្នុងឱកាសលោកអនុញ្ញាត្តឲ្យលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅកាន់ទីស្នាក់ការកណ្តាល របស់សហព័ន្ធធុរកិច្ចជប៉ុន (Keidanren)។

ជំនួបពិភាក្សាការងារនាឱកាសនេះ គឺជាសកម្មភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងជំនឿទុកចិត្ត និងរឹតបន្តឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហគមន៍ធុរកិច្ចលំដាប់កំពូលរបស់ជប៉ុន។

ផ្លែផ្កានៃកិច្ចពិភាក្សានេះ មិនត្រឹមតែជាកាលានុវត្តភាពក្នុងការទាក់ទាញរលកទុនវិនិយោគ លើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានឆ្ពោះទៅមុខ ប្រកបដោយភាពរឹងមាំ ក្នុងការជំរុញឱ្យទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន កាន់តែរីកលូតលាស់និងកាន់តែខ្លាំងក្លា៕

នៅក្នុងជំនួបនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទី ដ៏មានឥទ្ធិពលរបស់សហព័ន្ធ Keidanren ដែលជាតំណាងឱ្យសំឡេងនៃវិស័យឯកជន និងបណ្តុំក្រុមហ៊ុនសាជីវកម្មធំៗរបស់ជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហព័ន្ធមេត្តាបន្តដើរតួនាទីជាកាតាលីករ ក្នុងការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងផ្សារភ្ជាប់រលកវិនិយោគពីជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជា វិស័យឧស្សា​ហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។

លោកស៊ុន ចាន់ថុល ក៏បានយកឱកាសនេះ ធ្វើការជម្រាបបន្ថែមអំពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ទីតាំងភូមិសាស្រ្តដែលអំណោយផល, កម្លាំងពលកម្មវ័យក្មេងដ៏មានសក្តានុពល ច្បាប់ស្តីពីការវិនិយោគ ដែលមានលក្ខណៈបើកចំហ ផ្តល់ការលើកទឹកចិត្តខ្ពស់ និងមានភាពបត់បែន ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សំដៅកាត់បន្ថយការចំណាយដឹកជញ្ជូន និងលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងការដាក់ចេញនូវវិធានការយ៉ាងមុតស្រួចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកម្ចាត់ការឆបោកតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកប្រធាន និងក្រុមហ៊ុន ដែលជាសមាជិកនៃសហព័ន្ធធុរកិច្ចជប៉ុន មកទស្សនកិច្ចសិក្សា ពីកាលានុវត្តភាពវិនិយោគ នៅប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ៕


ចែករំលែក