ដោយៈ ចំណាន
កំពង់ធំៈ ជាដំណឹងគួរឲ្យរីករាយមួយ ដែលគម្រោងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ(KTSEZ) កំពុងបង្ហាញពីការបោះជំហានទៅមុខកាន់តែលឿន បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បណ្តាក់ទុនរួមគ្នាជាមួយនឹងរដ្ឋបាលខេត្តកំពង់ធំ។
ពិធីចុះហត្ថលេខា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ត្រូវបានធ្វើឡើងរវាងលោក Hiroshi UEMATSU តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) ជាមួយនឹងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
គម្រោងនេះមានគោលបំណង អភិវឌ្ឍន៍តំបន់កសិ-ឧស្សាហកម្មកែច្នៃ តាមគំរូ “ពីកសិដ្ឋានដល់រោងចក្រ”(Farm-to-Factory Agro-Processing Zone) ដែលនឹងលើកកម្ពស់ឧស្សាហកម្មជំនួសឱ្យការនាំចូល និងឧស្សាហកម្មដែលផ្តោតលើការនាំចេញ ដោយបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។
គំនិតផ្តួចផ្តើមនេះត្រូវបានរំពឹងថា នឹងពង្រឹងឧស្សាហូបនីយកម្មជនបទ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ តាមរយៈការអភិវឌ្ឍឧស្សាហកម្ម កែច្នៃកសិផល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំគឺដើរស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងការអភិវឌ្ឍតំបន់ប្រកបដោយតុល្យភាព។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គម្រោងនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ក្នុងការពង្រឹងវិស័យកសិ- ឧស្សាហកម្មរបស់កម្ពុជា បង្កើតឱកាសការងារនៅតំបន់ជនបទ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង របស់ផលិតផលកសិកម្មកម្ពុជាទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក លោក គិត ម៉េង បាននិយាយថា គម្រោងនេះគឺជាការបោះជំហាន ចូលទៅក្នុងវិស័យថ្មីមួយ សម្រាប់ក្រុមហ៊ុនរបស់យើង ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ជនបទ ដោយប្រើប្រាស់ជំនាញ និងបទពិសោធដែលយើងបានកសាង អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។
អ្នកឧកញ៉ាបញ្ជាក់ថា “តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ យើងមានគោលបំណងបង្កើត ឱកាសការងារប្រកបដោយចីរភាព ផ្តល់ប្រភពចំណូលមានស្ថិរភាព ដល់សហគមន៍ជនបទ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា”។
ដោយផ្អែកលើបទពិសោធន៍ ជាងពីរទសវត្សរ៍ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានគោលបំណងអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ឱ្យក្លាយជាតំបន់កសិ-ឧស្សាហកម្មកែច្នៃតាមគំរូ “ពីកសិដ្ឋានដល់រោងចក្រ” ឈានមុខគេ ដែលរួមចំណែកពង្រឹង ខ្សែចង្វាក់តម្លៃកសិកម្ម ទាក់ទាញការវិនិយោគប្រកបដោយ គុណភាព និងបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករ និងសហគមន៍ជនបទនៅកម្ពុជា។
អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បាននិយាយថា តាមរយៈគម្រោងនេះ កម្ពុជារំពឹងថានឹងអាចកៀរគរ អ្នកវិនិយោគជប៉ុនមកវិនិយោគបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ។
លោកលើកឡើងថា យើងបានប្រឹងប្រែងអស់ជិត២ឆ្នាំ ទើបអាចឈានមកដល់ចំណុចនេះ ដែលជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយថ្មីមួយទៀត សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចរបស់ខេត្ត”៕








