ដំណឹងល្អ! ​ខេត្ត​កំពង់​ធំ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាលើក​ដំបូង​របស់​ខ្លួន​

ចែករំលែក

ដោយៈ ចំណាន

   កំពង់ធំៈ ជាដំណឹងគួរឲ្យរីករាយមួយ ដែលគម្រោង​នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ​(KTSEZ) ​កំពុង​បង្ហាញ​ពី​ការ​បោះ​ជំហា​ន​ទៅមុខ​កាន់​តែ​លឿន​ បន្ទាប់​ពី​ក្រុមហ៊ុន​​ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ​បណ្តាក់​ទុន​រួមគ្នា​​ជាមួយ​នឹង​រដ្ឋបាល​ខេត្ត​កំពង់ធំ។

ពិធី​ចុះ​ហត្ថលេខា ​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ​ ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក Hiroshi UEMATSU តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) ជាមួយ​នឹង​លោក នួន ផារ័ត្ន អភិបាល​ខេត្ត​កំពង់ធំ ​នៅ​ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ​២០២៦។

គម្រោង​នេះ​មាន​គោល​បំណង ​អភិវឌ្ឍន៍​​តំបន់​កសិ-​ឧស្សាហកម្ម​កែច្នៃ តាម​គំរូ​ “ពី​កសិដ្ឋាន​ដល់​រោងចក្រ”(Farm-to-Factory Agro-Processing Zone) ដែល​នឹង​លើក​កម្ពស់​ឧស្សាហកម្ម​ជំនួស​ឱ្យការ​នាំ​ចូល និង​ឧស្សាហកម្ម​ដែល​ផ្តោត​លើ​ការ​នាំ​ចេញ ដោយ​បង្កើត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​កសិ-ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​។

គំនិត​ផ្តួច​ផ្តើម​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ពង្រឹង​ឧស្សាហូប​នីយកម្ម​ជនបទ បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ តាម​រយៈ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម កែច្នៃ​កសិផល។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ​គឺ​ដើរ​ស្រប​តាម​ចក្ខុ​វិស័យ ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ជំរុញ​ទំនើបកម្ម​វិស័យ​កសិកម្ម ការ​ធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម និង​ការ​អភិវឌ្ឍ​តំបន់​ប្រកប​ដោយ​តុល្យភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ​គម្រោង​នេះនឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជាតិ​ ក្នុង​ការ​ពង្រឹង​វិស័យ​កសិ- ​ឧស្សាហកម្ម​របស់​​កម្ពុជា បង្កើត​ឱកាស​ការងារ​នៅ​តំបន់​ជនបទ ព្រម​ទាំង​​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង ​របស់​ផលិត​ផល​កសិកម្ម​កម្ពុជា​ទាំង​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ។

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក លោក គិត ម៉េង បាន​និយាយ​ថា គម្រោង​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ ចូល​ទៅ​ក្នុង​វិស័យ​ថ្មី​មួយ ​សម្រាប់​ក្រុមហ៊ុន​របស់​យើង ហើយ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​តំបន់​ជនបទ ដោយ​ប្រើប្រាស់​ជំនាញ និង​បទ​ពិសោធ​ដែល​យើង​បាន​កសាង​ អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​។

អ្នកឧកញ៉ាបញ្ជាក់ថា “តាម​រយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ យើង​មាន​គោល​បំណង​បង្កើត ​ឱកាស​ការងារ​ប្រកប​ដោយ​ចីរភាព​ ផ្តល់​ប្រភព​ចំណូល​មាន​ស្ថិរភាព ​ដល់​សហគមន៍​ជនបទ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យកសិ-​ឧស្សាហកម្ម​របស់​កម្ពុជា”។

ដោយ​ផ្អែក​លើ​បទពិសោធ​ន៍ ជាង​ពីរ​ទសវត្សរ៍​ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មាន​គោល​បំណង​អភិវឌ្ឍន៍ ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ធំ ឱ្យ​ក្លាយ​ជា​តំបន់​កសិ-​ឧស្សាហកម្ម​កែច្នៃ​តាម​គំរូ​ “ពី​កសិដ្ឋាន​ដល់​រោងចក្រ” ឈាន​មុខ​គេ ដែល​រួម​ចំណែក​ពង្រឹង ខ្សែ​ចង្វាក់​តម្លៃ​កសិកម្ម ទាក់ទាញ​ការ​វិនិយោគ​ប្រកប​ដោយ គុណភាព និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រជា​កសិករ និង​សហគមន៍​ជនបទ​នៅ​កម្ពុជា។

អភិបាលខេត្ត​កំពង់ធំ លោក នួន ផារ័ត្ន បាន​និយាយ​ថា តាម​រយៈ​គម្រោង​នេះ កម្ពុជា​រំពឹង​ថា​នឹង​អាច​កៀរគរ ​អ្នក​វិនិយោគ​ជប៉ុន​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

លោក​លើក​ឡើង​ថា ​យើង​បាន​ប្រឹងប្រែង​អស់​ជិត២ឆ្នាំ ​ទើប​អាច​ឈាន​មក​ដល់​ចំណុច​នេះ ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំណើរ​វែង​ឆ្ងាយ​ថ្មី​មួយ​ទៀត​ សម្រាប់​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ច​របស់​ខេត្ត”៕


ចែករំលែក