ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC)សហការជាមួយ សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី៣៣ របស់ក្រុមការងារលើផលប៉ះពាល់ និងទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ។
ក្រុមការនេះ ក៏បានបើកកិច្ចប្រជុំលើកទី២៨ របស់ក្រុមការងាររៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Eliki Boletawa នាយកផ្នែកកម្មវិធីគោលនយោបាយ និងការអនុវត្ត នៃសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ។
កិច្ចប្រជុំទាំងពីរនេះមានការចូលរួម ពីតំណាងស្ថាប័នសមាជិកសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុចំនួន៣៧ប្រទេស និងភាគីពាក់ព័ន្ធសរុបប្រមាណជាង១០០នាក់។ វេទិកានេះ មានសារៈសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកបទពិសោធក្នុងការប្រមូលនិងប្រើប្រាស់ទិន្នន័យ វាស់វែងផលប៉ះពាល់ និងរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
កិច្ចពិភាក្សាក្នុងកិច្ចប្រជុំក៏នឹងរួមចំណែក ក្នុងការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធសាស្ត្រជាតិ បរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន និងនិរន្តរភាពផងដែរ។
ក្នុងឱកាសនេះ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ នឹងអញ្ជើញធ្វើទស្សនកិច្ចនៅសារមន្ទីរជាតិ សារមន្ទីរព្រះស្រីឦសានវរ្ម័ន និងព្រះបរមរាជវាំង ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ បេតិកភណ្ឌប្រវត្តិសាស្ត្រ ដំណើរវិវត្តនៃប្រវត្តិរូបិយវត្ថុ និងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន៕







