ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបានបង្ហាញថាតម្លៃផ្ទះប្រភេទទី២ នៅប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុននៅក្នុងខែមិថុនា ខណៈការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យនៅតែបន្តដាក់បន្ទុកលើទំនុកចិត្តទីផ្សារ។
យោងតាមការស្ទង់មតិរបស់ស្ថាប័ន China Index Academy ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិន បានឱ្យដឹងថា តម្លៃផ្ទះប្រភេទទី២ ជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០ ក្នុងខែមិថុនា បានធ្លាក់ចុះ០,៤២ភាគរយធៀបនឹងខែឧសភា។
ល្បឿននៃការធ្លាក់ចុះខាងលើមានការកើនឡើងលឿនជាងមុន បើប្រៀបធៀបនឹងការធ្លាក់ចុះចំនួន០,៣២ភាគរយក្នុងខែឧសភា ឆ្នាំ២០២៦។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជាយ៉ាងនេះក្តី តម្លៃផ្ទះថ្មីនៅប្រទេសចិនបានកើនឡើង ០,១៦ភាគរយក្នុងខែមិថុនាធៀបនឹងខែមុន ដែលស្មើទៅនឹងអត្រាកំណើននៅក្នុងខែឧសភា។
ក្រុមហ៊ុន China Index Academy បានវាយតម្លៃថា គោលនយោបាយអចលនទ្រព្យនៅឆមាសទីពីរនៃឆ្នាំនេះទំនងជាបន្តផ្តោតលើការគាំទ្រទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ ដោយការលក់ផ្ទះថ្មីក្នុងរយៈពេលខ្លីនៅតែស្ថិតក្រោមសម្ពាធ៕ប្រភព: Reuters៕







