SDF ចុះ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សមាគម​-ឧស្សាហកម្ម​ធំៗ​៤ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​ត្រូវ​តម្រូវ​ការ​ឧស្សាហកម្ម

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្ថាប័នSDF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗចំនួន ដើម្បីជម្រុញការអភិវឌ្ឍជំនាញ ឲ្យត្រូវនឹងសម្រូវការក្នុងវិស័យឧស្សាហកម្ម។

ស្ថាប័នទាំង៤នោះ រួមមាន សមាគមភស្តុភារកម្មកម្ពុជា (CLA) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) សមាគមស្វាយចន្ទីកម្ពុជា (CAG)និង សមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។

លោកគី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះ នឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន៖ ១) ការកំណត់តម្រូវការ៖ សិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតភាព។ ២) គំរូប្រតិបត្តិការSDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ ៣) ភាពជាដៃគូរដ្ឋ-ឯកជន (PPP)៖ ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ។

លោកសុខគីម បានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។

ថ្លែងនៅក្នុងពិធីនោះដែរ លោកបណ្ឌិតសភាចារ្យផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង សម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

គិតមកដល់បច្ចុប្បន្ននេះ SDFបានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម សរុបប្រមាណ៩៣,០០០ នាក់។ ជាលទ្ធផល អត្រាបញ្ចប់ការសិក្សាសម្រេចបាន៩៦% អត្រាមានការងារធ្វើ ៨៨% , ការពេញចិត្តពីនិយោជក៨៥% និង៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។

ភាពជាដៃគូថ្មីនេះ គឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង៕


ចែករំលែក