ការលក់ផ្ទះនៅប្រទេសសិង្ហបុរីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះនៅប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរឆ្នាំនៅក្នុងខែមិថុនា ដោយសារបណ្តាអ្នកអភិវឌ្ឍន៍បានចៀសវាងការដាក់ឱ្យដំណើរការគម្រោងលំនៅឋានថ្មីក្នុងអំឡុងពេលវិស្សមកាលសាលា ជាពេលដែលអ្នកទិញជាច្រើនធ្វើដំណើរ។

យោងតាមតួលេខរបស់រដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍បានលក់លំនៅឋានថ្មីចំនួន១៥៦យូនីត កាលពីខែមិថុនា។ ចំនួននេះមានការធ្លាក់ចុះបើធៀបទៅនឹងលំនៅឋានចំនូន៤៤៧យូនីត ដែលបានលក់ចេញនៅក្នុងខែឧសភា និង២៧២យូនីត ក្នុងខែមិថុនា ឆ្នាំមុន។

ការលក់ផ្ទះថ្មីនៅក្នុងទីក្រុងសិង្ហបុរីអាស្រ័យលើចំនួនគម្រោង ដែលបណ្តាអ្នកអភិវឌ្ឍន៍ជ្រើសរើសនាំយកមកលក់នៅលើទីផ្សារ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរីគ្រោងនឹងបន្តការដាក់ឱ្យដំណើរការគម្រោងថ្មីនៅខែកក្កដានេះ ដែលអាចជំរុញឱ្យការលក់លំនៅឋានកើនឡើងវិញនាពេលខាងមុខ។

កំណើន​នៃ​ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ថយ​ចុះ។ យោង​តាម​ការ​ប៉ាន់ប្រមាណ​បឋម​ដោយរដ្ឋាភិបាលសិង្ហបុរីបង្ហាញថា តម្លៃ​លំនៅឋាន​​បាន​កើនឡើង០,៥ភាគរយនៅ​ត្រីមាស​ទី​ពីរ ដោយ​ថយ​ចុះ​ពីកំណើន០,៩ភាគរយក្នុងត្រីមាសទី១៕


ចែករំលែក