ដោយៈ គង់ សូរិយា
ភ្នំពេញៈ មានប្រវែងជិត២០០គីឡូម៉ែត្រ ហេដ្ឋារចនាសម្ព័ន្ធមួយនេះ បានវារកាត់វាលស្រែ ឆ្លងព្រៃ ឆ្លងជ្រោះ ចេញពីទឹកដីស្រុកសំឡូត នៃខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ជាតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ១០ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ តាមភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុបជាង១៩៧គីឡូម៉ែត្រ។
ក្រសួងបញ្ជាក់ថា “ផ្លូវជាតិមួយខ្សែនេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជំរុញការដឹកជញ្ជូន ពាណិជ្ជកម្ម និងការតភ្ជាប់រវាងបណ្តាខេត្តតាមដងផ្លូវ”។
ជាមួយគ្នានេះ ក៏ជាច្រកសក្តានុពលថ្មី សម្រាប់វិស័យទេសចរណ៍ ដែលផ្តល់ជម្រើសបន្ថែមដល់អ្នកដំណើរ ក្នុងការធ្វើដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ ព្រៃព្រឹក្សា និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។
ការអភិវឌ្ឍផ្លូវជាតិលេខ១០ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បង្កើនចរន្តសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ផ្លូវជាតិដែលតភ្ជាប់ពីតំបន់ភាគពាយ័ព្យ ទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ ទំនាប ជ្រោះជ្រង ជ្រលងដងអូរ-ស្ទឹង និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់គ្រប់រដូវកាល។ ជាពិសេស ក៏មានស្ពានខ្ពស់ដ៏អស្ចារ្យ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង ឆ្លងកាត់ដងស្ទឹង បង្កើតបានជាទស្សនីយភាពធម្មជាតិ ដ៏ស្រស់ស្អាត និងទាក់ទាញយ៉ាងក្រៃលែង៕







