ក្រុមមន្រ្តី​និង​វិស័យឯកជនពិភាក្សា​ស្វែង​យល់​អំពី​គោលការណ៍ ​និង​នីតិវិធី​នៃ​ការ​ដំឡើង ​និង​ការប្រើប្រាស់​ប្រព័ន្ធ​សូឡា

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ ក្រុមមន្រ្តី និងវិស័យឯកជនបានបើកកិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា)នៅកម្ពុជា។

តាមរយៈកិច្ចសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា​ ក្រោមក្របខណ្ឌនៃក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំកិច្ចពិភាក្សា ស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូលនៅកម្ពុជាសម្រាប់វិស័យឯកជន ក្រោមអធិបតីភាពឧកញ៉ាអ៊ុន យុទ្ធី សហប្រធានក្រុមការងារ​ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន និងលោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្តរីជំនាញ និហមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គីសនីកម្ពុជា តំណាងពីអគ្គិសនីកម្ពុជា (EDC) តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា តំណា​ង​គ្រឹះស្ថាន សមាគមក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យថាមព​លពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណជា៣៥០នាក់។

គោលបំណងនៃកិច្ចពិភាក្សានេះគឺ ទី១. បង្កើនការយល់ដឹង៖ ដើម្បីស្តាប់ការបង្ហាញផ្ទាល់អំពីគោលការណ៍ បទប្បញ្ញត្តិ និងនីតិវិធីបច្ចេកទេសផ្លូវការនៃការដំឡើង និងប្រើប្រាស់ថាមពលពន្លឺព្រះ អាទិ​ត្យលើដំបូលនៅកម្ពុជា និងទី២. ដោះស្រាយការលំបាក និងចម្ងល់៖ បើកឱកាសឱ្យតំណាងផ្នែកឯកជនបានលើក ឡើងនូវបញ្ហាប្រឈម ចម្ងល់ និងសំណូម ពរជាក់ស្តែង ជុំវិញការអនុវត្តកន្លងមក ដើម្បីទទួលបានការបកស្រាយ និងដំណោះស្រាយដ៏ច្បាស់លាស់ ពីអាជ្ញាធរមាន សមត្ថកិច្ច។

ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ​ “ញ” តំណាងផ្នែកឯកជនបានថ្លែងថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ លើដំបូល (Rooftop Solar) កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាតម្រូវការចាំបាច់របស់វិស័យឯកជន ជាពិសេសក្នុងចំណោមរោងចក្រ សហគ្រាស និងអាជីវកម្មនានា ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយថ្លៃដើមផលិតកម្ម ការពារបរិស្ថាន និងឆ្លើយតបទៅនឹងគោលនយោ បាយអភិវឌ្ឍន៍បៃតង។

ទោះជាយ៉ាងណាក៏ដោយ កន្លងមកនេះភាគីផ្នែកឯកជននៅតែបន្តមានចម្ងល់ និងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងគោលការណ៍ណែនាំ បទដ្ឋានបច្ចេកទេស និងនីតិវិធីនៃការស្នើសុំដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល (សូឡា) នេះ។

បន្ថែមលើកនេះ ឧកញ៉ា ក៏បានអំពាវនាវ និងសម្តែងការស្វាគមន៍ចំពោះការចូលរួម និងសហការគ្នាចំពោះគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជនទាំងអស់ ក្នុងការពង្រឹងយន្តការក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)ដោយប្រើយន្តការនេះ តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ជាច្រករួមតែមួយគត់ក្នុងការទទួលយក និងប្រមូលធាតុចូល និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយជូនប្រកបដោយប្រសិទ្ធិភាព៕


ចែករំលែក